ដោយៈ ជេស៊ីកា
ប៉ារីសៈ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា មកដល់ពេលនេះ ប្រទេសជាង៣០ បានចូលរួមចំណែកក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានបន្ទូលបែបនេះ ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តរ រដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ព្រះមហាក្សត្របានមានបន្ទូលបន្តថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុន បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។ សម្រាប់កម្ពុជា សូមសាទរ ក្នុងទម្រង់បច្ចុប្បន្ន ចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ (CIC) សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។
ព្រះអង្គបានបន្តថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើង បាននិងកំពុងសហការ ជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។
ព្រះមហាក្សត្រ ក៏បានមានរាជអង្កាបន្ដថា បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរ នៃស្នាដៃអភិវឌ្ឍឡើងវិញ ដែលប្រទេសបារាំង និងជប៉ុន បានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេសក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ស្របតាមគោលបំណងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្ដោតលើការកំណត់គោលនយោបាយមួយ ពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហា សំបូរព្រៃគុក នឹងកោះកេរ។ គោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការ ច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន ។
ម្យ៉ាងវិញទៀត សម្រាប់កម្ពុជា មានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព នៃគណៈកម្មាធិការ CIC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិ ដែលយើងចង់ឃើញមានការរីកសាយ កាន់តែខ្លាំងនៅក្នុងពិភពលោក ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី។
ដោយឡែក ទាក់ទងនឹងវិសាលភាព នៃការងារអភិរក្ស និងជួសជុលដ៏អស្ចារ្យជាច្រើនឆ្នាំ ដែលបានអនុវត្តជាមួយប្រទេសបារាំង និងជប៉ុន ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេស ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធា រណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី និងការផ្ដល់មូលនិធិសប្បុរសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ព្រះអង្គបន្ដថា “គុណភាពដ៏ធំធេងនៃដៃគូទាំងនេះ និងការធ្វើការងារជាមួយធនធានមនុស្ស វ័យក្មេងពោរពេញដោយទេពកោសល្យ បង្កើតឲ្យមានស្មារតីប្រកួតប្រជែងដ៏ល្អឥតខ្ចោះ”។ ព្រះអង្គបានបន្តថា “សាមគ្គីភាពអន្តរជាតិ គឺជាតថភាពជាក់ស្ដែងនៅអង្គរ។ សាមគ្គីភាពនេះត្រូវតែការពារ ពង្រីក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ”៕