ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបន្ថែមជើងហោះហើរ មកកាន់កម្ពុជាកាន់តែច្រើន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​មានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន ​បាន​បន្ថែម​ជើងហោះហើរ​ទៅមក​រវាង​ប្រទេស​ចិន និង​កម្ពុជា។

កំណើននេះ កើតមានឡើងស្រប​ពេលដែល​ប្រទេស​កម្ពុជា ទើបតែ​ដាក់ឱ្យ​ប្រើប្រាស់ ​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​ អង្គរ​ថ្មី និង​ដាក់ចេញ​ “ផែនការ​ពិសេស​” ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

លោកស៊ិន ចាន់​សេរី​វុត្ថា បាន​ថ្លែង​ប្រាប់ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន និង​កម្ពុជាចាប់ពី​ខែធ្នូ ឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ជើងហោះហើរ​ត្រង់​ មកកាន់​ប្រទេស​កម្ពុជា​ចំនួន៤ជើង​ក្នុង​មួយ​សប្តាហ៍ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ជើងហោះហើរ​ដើម​ចំនួន២ជើង​ក្នុង​មួយថ្ងៃ​។ ​យោងតាម​ការចេញផ្សាយ ​ដោយសារ​ព័ត៌មាន​China News Service ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ជើងហោះហើរ​ត្រង់​ចំនួន៤ មកកាន់​ប្រទេស​កម្ពុជា​រៀងរាល់​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១ ខែធ្នូ​។ ចាប់ពី​ខែធ្នូ​តទៅ ជើងហោះហើរ​ក្វាង​ចូ​វ​-​ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ៦០៥៩ និង CZ៣២៣ នឹង​ដំណើរការ​មួយថ្ងៃ​ម្តង​​។​

លោក​បាន​បន្តថា ខណៈពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ការផ្លាស់ប្តូរ ​ទំនាក់ទំនង​រវាង​ប្រជាជន​ចិន​-​កម្ពុជា​ឆ្នាំ ២០២៤​ កំពុង​ខិតជិត​មកដល់ ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ បានប្រកាស​ពី​ការបន្ថែម​ជើងហោះហើរ​ រវាង​ប្រទេស​ចិន និង​កម្ពុជា​ចាប់ពី​ខែធ្នូ ដើម្បី​សម្រួល​ ដល់​ការធ្វើដំណើរ​របស់​ជន​ជាតិចិន ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកវិនិយោគ ដែល​ទៅសួរសុខទុក្ខ​សាច់ញាតិ និង​ការធ្វើដំណើរ​កម្សាន្ត និង​ការធ្វើ​ទស្សនកិច្ច​អាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​។​លោក សេរី​វុត្ថា ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹង​បន្ថែម​ថ្មី​នូវ​ជើងហោះហើរ​ក្វាង​ចូ​វ​-​ភ្នំពេញ CZ៨៣១៣  នឹង​ដំណើរការ​មួយថ្ងៃ​ម្តង រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។នៅពេលនោះ ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines នឹងមាន​ជើងហោះហើរ​ ប្រចាំ​សប្តាហ៍​ចំនួន៣៦ ជើង​រវាង​ទីក្រុង​ក្វាង​ចូ​វ និង​រាជធានី​ភ្នំពេញ​។ លោក​បាន​បញ្ជាក់ទៀតថា​  ​ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​ឡាញ នឹង​បើក​ដំណើរការ​ជើងហោះហើរ ​ទៅមក​ពី​ភ្នំពេញ​ទៅ​ជី​ណាន ខេត្ត​សាន​ទុង នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​។ ក្នុងចំណោម​នោះ ជើងហោះហើរ​ ពី​ជី​ណាន​មក​ភ្នំពេញ នឹងធ្វើ​ដំណើរ នៅ​ម៉ោង៣​រសៀល រៀងរាល់ថ្ងៃ​សៅរ៍ ហើយ​មកដល់​ភ្នំពេញ​នៅ​ម៉ោងជិត​៧​ល្ងាច ម៉ោង​ក្នុងស្រុក​។នៅ​ឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុន​អាកាសចរណ៍ ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ក៏មាន​គម្រោង​បើក​ជើងហោះហើរ​ថ្មី​ពី​ភ្នំពេញ​ទៅ ហៃ​គូ ហៃ​ណាន និង​សាន់​យ៉ា​។

បច្ចុប្បន្ន ទីក្រុង​របស់​ប្រទេសចិន ​ដែលមាន​ជើងហោះហើរ​ត្រង់​មក​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា រួមមាន ​ទីក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ណាន​នី​ង ឆេង​ទូ គុន​មីង និង​កន្លែង​ផ្សេងៗ​ទៀត​។ នៅពេលដែល​ជំងឺ​កូ​វីដ​ ១៩​ បាន​ធូរស្រាល​បន្តិច​ម្តងៗ ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកវិនិយោគ​កាន់តែ​ច្រើនឡើងៗ ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

យោងតាមរបាយការណ៍​ ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​បង្ហាញថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ​អង្គរ​ថ្មី មាន អ្នកដំណើរ​ទៅដល់​ជា​មធ្យម កើន​ពី២៦០០ នាក់ ទៅ ​៣​២០០​ នាក់ ក្នុង​​១ ថ្ងៃ ដោយមាន​ការហោះហើរ​ជា​មធ្យម៤៤​ជើង​ក្នុង​មួយថ្ងៃ (ទ្វេរ​ទិស​)​។ ភាគច្រើន​ជើងហោះហើរ​មកពី​តំបន់​អាស៊ាន និង​ចិន ដោយ​ក្នុងនោះ​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ អាស៊ាន​៧៥​ភាគរយ និង​អឺរ៉ុប ២៥​ ភាគរយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here