ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩គ្រោងបើកដំណើរការក្នុងឆ្នាំ២០២៣ នេះ

0

តែម សុខុម

បាងកក: អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ទម្លាយឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃ ថ្មីៗចំនួន៩បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិករអាកាសចរណ៍ (AOC) ដើម្បីចាប់ផ្ដើមដំណើរការសេវាពាណិជ្ជកម្មក្នុងឆ្នាំនេះ ខណៈឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ បន្តស្ទុះងើបឡើងវិញ។

លោក Suthipong Kongpool នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានថ្លែងថា ប្រតិបត្តិករអាកាសចរណ៍ថ្មីទាំងនេះទទួលបានអាជ្ញាប័ណ្ណអាជីវកម្មអាកាសចរណ៍ស៊ីវិលរួចហើយស្របពេលចំនួនអ្នកដំណើរ និងកំណើនតម្រូវការកើនឡើង។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា។

ក្រុមហ៊ុនប្រតិបត្តិករអាកាសចរណ៍ទាំង៩នេះរួមមានក្រុមហ៊ុន Asian Aerospace Company Service ក្រុមហ៊ុន Siam Seaplane ក្រុមហ៊ុន RC Airlines ក្រុមហ៊ុន Avanti Air Charter ក្រុមហ៊ុន M-Landarch ក្រុមហ៊ុន Bangkok Helicopter Services ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុម Asia Atlantic Airlines និងក្រុមហ៊ុន P80 Air។

លោក Suthipong Kongpool ថ្លែងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) នឹងពិចារណាលើផែនការអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងស្តង់ដាសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនៅក្នុងការសម្រេចថា តើគួរផ្ដល់អាជ្ញាប័ណ្ណឬក៏អត់។

លោកគូសបញ្ជាក់ថា បច្ចុប្បន្នគ្មានក្រុមហ៊ុនអាកាសចរណ៍ថៃ ណាមួយប្រឈមហានិភ័យក្ស័យធននោះឡើយ។លោកបានបន្តថា ចំនួនអ្នកដំណើរទទួលបាន៩០%វិញហើយនៃកម្រិតមុនវិបត្តិកូវីដ-១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ព្យាករថា ឧស្សាហកម្មអាកាសចរណ៍ក្នុងប្រទេសថៃ នឹងទទួលបានអ្នកដំណើរសរុប១២៧លាននាក់ក្នុងឆ្នាំនេះ ដោយក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួនប្រមាណ៦៣,០៣លាននាក់ ហើយអ្នកដំណើរក្នុងស្រុកមានចំនួនប្រមាណ៦៤,៥៣លាននាក់។

ចំនួនអ្នកដំណើរតាមផ្លូវអាកាសត្រូវបានរំពឹងថានឹងឈានដល់កម្រិតមុនវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២៤ ជាមួយអ្នកដំណើរសរុបប្រមាណ១៦២លាននាក់ ដោយក្នុងនោះចំនួនអ្នកដំណើរអន្តរជាតិប្រមាណ៨៨,៦២លាននាក់ ហើយចំនួនអ្នកដំណើរក្នុងស្រុកប្រមាណ៧៤,០៥លាននាក់៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here