អ្នកវិនិយោគិនជប៉ុន~កម្ពុជាប្រមាណ៦០ក្រុមហ៊ុន ជួបពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយ:ហ្វី អូណា
ភ្នំពេញ :អ្នកវិនិយោគគិនមកពីប្រទេសជប៉ុន និងកម្ពុជាប្រមាណ៦០ក្រុមហ៊ុន នៅថ្ងៃទី ២០ ខែវិច្ឆិកា ម្សិលមិញបានរៀបចំវេទិកា«ធុរកិច្ចរភាពជាដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន» ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីឱកាស និងសក្តានុពលវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការស្វែងរកដៃគូនិងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។វេទិកានេះផ្តូចផ្តើមឡើងដោយធនាគារ អេស៊ីលីដា និងសហការដោយសមាគមជប៉ុន-កម្ពុជា។

កិច្ចជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុននៅឆ្នាំ២០២៣នេះរៀបចំឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និង អ្នកវិនិយោគគិនកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន ដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជាគ្រាដែលវិបត្តិជំងឺកូវីដ-១៩បានធូរស្បើយនៅលើពិភពលោក។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថាជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុននេះ ទោះបីមានរយៈពេលខ្លីតែវាជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នានិងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា។សម្រាប់លោកបណ្ឌិត ការៀបចំនេះមិនមែនដើម្បីផលប្រយោជន៍របស់ធនាគារ អេស៊ីលីដា នោះទេ តែដើម្បីផលប្រយោជន៍រួម មិនថាតែអ្នកវិយោគជប៉ុននោះទេ គឺស្វាគមន៍ទាំងអស់។

បើតាមលោកបណ្ឌិត អ៉ិន ចាន់នី អ្នកវិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគ នៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និងសម្បូរបែប។ ទាំងនេះជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌវិនិយោគដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការជូនវិនិយោគិនរួមមាន ៖កត្តានយោបាយ សេដ្ឋកិច្ច និង សេ្ថរភាពសង្គម ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម ជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា« ធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុន» ។វេទិកានេះ ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹងនិងបំពេញតម្រូវការជូនធុរជន ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មាន សុខាភិបាល កសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និង បដិសណ្ឋារកិច្ចជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here