ដោយៈ គង់ សូរិយា
ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ កាលពីខែសីហា ឆ្នាំ២០២៣ កំពុងផ្តល់លទ្ធភាពការធ្វើចរាចរណ៍បណ្តោះអាសន្ន និងគ្រោងបញ្ចប់ការស្ថាបនាទាំងស្រុង នៅចុងខែធ្នូ ឆ្នាំ២០២៣។
កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កំពុងត្រូវបានបន្តការស្ថាបនាផ្លូវវាង ប្រមាណ ១០០០ម៉ែត្រ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២៣នេះហើយ។ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកា សាងសង់ចំនួនជិត៥២លានដុល្លារអាមេរិក។
ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក ដោយមន្ទីរជំនាញ។កាលពីយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះPK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអាណត្តិទី៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ដោយមានការចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧នេះ ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម លើទីតាំងបាក់ស្រុត និងការស្ថាបនាផ្លូវវាងប្រវែង១០០០ម៉ែត្រ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ដោយធានាគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាព ក្នុងការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់៕