លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីសក្តានុពលនៃទិសទាំង៤ជុំវិញរាជធានីភ្នំពេញ

0

 ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ទិសទាំង៤នៃរាជធានីភ្នំពេញ មានសក្តានុពលខុសៗគ្នា ដែលជាកត្តាអំណោយផលដល់ការវិនិយោគ និងប្រកបអាជីវកម្មផ្សេងៗគ្នាផងដែរ។

តើទិញសទាំងបួន មានសក្តានុពលដូចម្តេច? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបង្ហាញការយល់ឃើញរបស់ខ្លួនថា ទិសខាងកើតនៅផ្លូវជាតិលេខ១ មានទន្លេសងខាង ដែលអំណោយផលដល់វិស័យទេស​ចរណ៍ និងលំនៅដ្ឋាន។ រីឯទិសខាងលិច នៅតាមផ្លូវជាតិលេខ៣ និងលេខ៤ គឺជាតំបន់ឧស្សា​ហកម្ម និងលំនៅដ្ឋានចំណូលក្រោមមធ្យម ព្រោះទិសខាងលិចជាតំបន់សម្បូររោងចក្រ និងកម្មករច្រើន។លោកឧកញ៉ាលើកឡើងជាយោបល់ថា ប្រសិនបើចង់ឱ្យទិសខាងត្បូង នៃរាជធានីភ្នំពេញរីកចម្រើនខ្លាំង ទាល់តែកាត់បញ្ចូលទីក្រុងតាខ្មៅ និងព្រលានយន្តហោះ នៅក្នុងខេត្តកណ្តាលបច្ចុប្បន្នចូលមកក្នុងរាជធានីភ្នំពេញ ព្រោះប្រជាជនមិនសូវចង់ទិញអចលនទ្រព្យនៅតាមបណ្តាខេត្តនោះទេ។

យ៉ាងណាមិញ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅតែមើលឃើញថា ទិសខាងជើងនៃរាជធានីភ្នំពេញ គឺជាតំបន់ពេញនិយម និងរីកចម្រើនខ្លាំង ព្រោះជាតំបន់ដីខ្ពស់រាប មានសណ្ឋានដីអំណោយផលល្អ សម្រាប់ការសាងសង់តំបន់ពាណិជ្ជកម្ម លំនៅដ្ឋានលំដាប់អភិជន និងសម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាមន្ទីរពេទ្យ បុរីធំៗ សាលារៀន ក្រសួងជាច្រើន។លោកបណ្ឌិតអះអាងថា “ប្រសិនបើយើងសាងសង់វីឡា ដែលមានតម្លៃកន្លះលានដុល្លារអាមេរិកឡើងទៅ នៅប៉ែកខាងកើតរាជធានីភ្នំពេញ នោះយើងនឹងពិបាកលក់ចេញ ព្រោះកត្តាដង់ស៊ីតេ ហើយប្រជាជនកម្ពុជាមិនចូលចិត្តឆ្លងស្ពាន។ រីឯប៉ែកខាងលិច យើងអាចសាងសង់ផ្ទះ ដែលមានតម្លៃ៥ម៉ឺនដុល្លារ ហើយប្រសិនបើចង់អភិវឌ្ឍលំនៅដ្ឋានថ្លៃៗនៅប៉ែកខាងត្បូង យើងត្រូវសង់ចូលពីទីក្រុងតាខ្មៅមករាជធានីភ្នំពេញវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here