ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉េកាំង និងសៀងហៃបានបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ តាមរយៈការបន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់អ្នកទិញផ្ទះទីមួយ និងទីពីរ ខណៈអាជ្ញាធរចិនស្នើឱ្យមានការខិតខំប្រឹងប្រែងជាថ្មីដើម្បីស្តារទីផ្សារលំនៅដ្ឋាន។
សេដ្ឋកិច្ចចិនបានជួបការលំបាក ក្នុងការស្ទុះងើបឡើងវិញនៅឆ្នាំនេះ ដោយសារតែវិស័យអចលនទ្រព្យដ៏ធំរបស់ចិនបានធ្លាក់ចូលពីវិបត្តិមួយទៅវិបត្តិមួយទៀត ដែលការណ៍នេះជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិន។
ទោះបីជាមានវិធានការគាំទ្រជាច្រើនសម្រាប់អ្នកទិញផ្ទះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនពុំបានស្ទុះងើបឡើងវិញឡើយ ស្របពេលដែលការលក់អចលនទ្រព្យ ការវិនិយោគ និងតម្លៃផ្ទះបន្តធ្លាក់ចុះ។
អាជ្ញាធរក្រុងប៉េកាំងបានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងកាត់បន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់អ្នកទិញផ្ទះដំបូង មកនៅត្រឹម៣០ភាគរយ បើធៀបនឹងអត្រាពីមុនចាប់ពី៣៥ ទៅ៤០ភាគរយ។
សេចក្តីថ្លែងការណ៍បានបន្តថា សមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់អ្នកទិញផ្ទះទី២ នៅតាមសង្កាត់ទាំង៦ ក្នុងទីក្រុងប៉េកាំង នឹងត្រូវបានបន្ទាបមកនៅត្រឹម៥០ភាគរយ និង៤០ភាគរយសម្រាប់សង្កាត់ខាងក្រៅទីក្រុងប៉េកាំង បើធៀបនឹងអត្រាពីមុនចាប់ពី៦០ទៅ៨០ភាគរយ។
ទន្ទឹមគ្នានេះ ទីក្រុងសៀងហៃបានប្រកាសថា ខ្លួននឹងកាត់បន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់អ្នកទិញផ្ទះដំបូងពី៣៥ភាគរយ ចុះមកនៅត្រឹម៣០ភាគរយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែធ្នូនេះតទៅ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា សមាមាត្រប្រាក់បញ្ញើអប្បបរមាសម្រាប់អ្នកទិញផ្ទះទីពីរនៅក្នុងទីក្រុងសៀងហៃនឹងធ្លាក់ចុះមកនៅត្រឹម៤០ទៅ៥០ភាគរយ បើធៀបនឹងអត្រាពីមុនចាប់ពី៥០ ទៅដល់៧០ភាគរយ។
បន្ថែមពីលើនេះ ក្រុមមេដឹកនាំកំពូលរបស់ប្រទេសចិនបានប្តេជ្ញានៅក្នុងកិច្ចប្រជុំកំណត់របៀបវារៈមួយនៅសប្តាហ៍នេះ ដើម្បីពន្លឿនការបង្កើតគំរូថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ និងពន្លឿនការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ៕