ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាអ្នកជំនាញជើងចាស់ និងបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដោយខ្លួនឯង លោកឧកញ៉ានួន រឹទ្ធី បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញបន្តិចម្តងៗ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ការងារលើវិស័យអចលនទ្រព្យនឹងមានសភាពធូរស្បើយបន្តិចម្តងៗ ហើយនៅឆ្នាំ២០២៥ អ្វីៗនឹងមានសភាពមករកសភាពដើមបន្តិចម្តងៗ ប៉ុន្តែសន្ទុះនៃការវិលមករកសភាពដើមពេញលេញ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ខាងមុខ។លោកឧកញ៉ាបានបន្តថា បើសភាពការណ៍ពិភពលោក មានការធូរស្រាលលើបញ្ហាភូមិសាស្រ្ត នយោបាយរវាងអាមេរិក និងចិននឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក នឹងងាយភាពប្រសើរឡើងទាំងពិភពលោក និងកម្ពុជា”។
សញ្ញាសុទិដ្ឋិនិយមបាន និងកំពុងចាប់ផ្តើមនៅកម្ពុជា ដោយសារធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត នឹងចាប់ផ្តើមបញ្ចេញឥណទាននៅឆ្នាំ២០២៤ ស្របពេលវិស័យទេសចរណ៍រំពឹងនឹងងើបឡើងវិញ ជាមួយនឹងវិស័យឧស្សាហមកម្ម និងកសិកម្ម និងកសិឧស្សាហកម្មផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឆ្នាំ២០២៤នឹងមានសភាពល្អច្រើន សម្រាប់វិស័យនេះ ដោយសារមនុស្សសាំនឹងសង្រ្គាម កូវីដ១៩បញ្ចប់ ការបោះឆ្នោតបញ្ចប់ហើយ ហើយសមាសភាពដឹកនាំរបស់រដ្ឋាភិបាល ភាគច្រើនជាមនុស្សវ័យក្មេង ដែលមានថាមពល និងភាពឈ្លាសវៃ។លោកបន្តថា “វិស័យផ្សេងៗក្រៅពីអចលនទ្រព្យ នឹងងើបឡើងផងដែរ ហើយបើវិស័យដទៃទៀតមានភាពប្រសើរ នឹងធ្វើឲ្យវិស័យអចលនទ្រព្យងើបឡើងផងដែរ”។ លោកបន្តថា “ឆ្នាំ២០២៣ យើងធ្លាក់ដល់បាតហើយ យើងឈប់ធ្លាក់ហើយ ហេតុនេះវិស័យនេះនឹងងើបឡើង តែតម្លៃមិនកើនឡើងទេ”៕