ដោយ: គង់ លាងហួរ
អន្តរជាតិ: សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះនៅប្រទេសថៃ ក្នុងឆ្នាំ២០២៣នេះ បានធ្លាក់ចុះ ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទិញមានភាពតានតឹង ដែលពួកគេយល់ឃើញថា វាពុំមែនជាពេលវេលាត្រឹមត្រូវក្នុងការវិនិយោគលើវត្ថុដែលមានតម្លៃខ្ពស់នោះទេ។
លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាអចលនទ្រព្យ Terra Media and Consulting បានអះអាងថា សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះនៅឆ្នាំនេះ គឺ៧៦ពិន្ទុ ពោលគឺធ្លាក់ចុះពី៨០ពិន្ទុ ក្នុងឆ្នាំ២០២២។
លោកស្រីបន្តថា “ក្រុមអ្នកប្រើប្រាស់ពេញចិត្ត នឹង សេដ្ឋកិច្ចថៃ ប៉ុន្តែទំនុកចិត្តលើស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេបានធ្លាក់ចុះបើធៀប នឹងឆ្នាំមុនហើយអ្នកជំនាញវិជ្ជាជីវៈគឺជាក្រុមអាជីពតែមួយគត់ដែលបង្ហាញពីទំនុកចិត្តទាបលើប្រាក់ចំណូលរបស់ពួកគេ”។
លោកស្រី Sumitra បានគូសបញ្ជាក់ឱ្យដឹងថា ហេតុផលមួយ ដែលបង្ហាញថា ក្រុមអ្នកជំនាញវិជ្ជាជីវៈ ប្រហែលជាមិនទិញផ្ទះនៅឆ្នាំ២០២៤គឺការកើនឡើងនៃតម្លៃផ្ទះ។
នាយកគ្រប់គ្រងរូបនេះបានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ក្រុមអ្នកជំនាញវិជ្ជាជីវៈមួយចំនួនរកបានប្រាក់ចំណូលច្រើនជាងធម្មតា ហើយពួកគេប្រហែលជាបានទិញផ្ទះរួចទៅហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុន Terra Media បានធ្វើការស្ទង់មតិសម្រាប់សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ក្នុងចំណោមអ្នកចង់ទិញផ្ទះចំនួន២.០០០នាក់ តាមរយៈបណ្តាញអុីនធឺណេតចាប់ពីថ្ងៃទី១ ខែតុលាដល់ថ្ងៃទី៨ ខែវិច្ឆិកា។
ទោះបីជាមានការធ្លាក់ចុះបែបនេះយ៉ាងណាក្តី ក៏សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះក្នុងឆ្នាំ២០២៣នេះនៅតែមានកម្រិតខ្ពស់ជាង បើធៀបនឹង សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះ ដែលមានកម្រិត៦៨ពិន្ទុ និង៤៤ពិន្ទុ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១រៀងៗគ្នា។
ការស្ទង់មតិបានរកឃើញថា ៨៤០នាក់នៃអ្នកឆ្លើយសំណួរទាំង២.០០០នាក់គ្រោងនឹងទិញលំនៅដ្ឋានក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលក្នុង នោះ ៧៨% មាន បំណង ទិញ ផ្ទះ ទោល ៤៧% ចង់ ទិញផ្ទះ townhouse ២៧% ចង់ទិញខុនដូ និង ២០% ចាប់អារម្មណ៍ ជម្រើស ផ្សេង ទៀត៕