សភាថៃជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្កើតគណៈកម្មាធិការបច្ចេកទេសរួម ដើម្បីដោះសា្រយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា

0

ដោយ: គង់ លាងហួរ
បាងកក: គណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃកំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា ជុំវិញតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយអះអាងថា ក្រុមបច្ចេកទេសថ្មីមួយគួរតែត្រូវបានបង្កើតឡើងដើម្បីបន្តការចរចា។

លោក Noppadon Patama ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានៅតំបន់ទាមទារត្រួតសុីគ្នាធ្លាប់បានជាប់គាំង ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំនាពេលថ្មីៗនេះនឹងផ្តល់ឱកាសសម្រាប់ការចាប់ផ្តើមការចរចាថ្មីមួយ។លោកបន្តថាទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីសុីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យភាគីទាំងពីរបង្កើតក្របខ័ណ្ឌគោលនយោបាយ ដែលអនុញ្ញាតឲ្យអាជ្ញាធរ នៃប្រទេសទាំង២បន្តកុងសង់សុីស ឬការឯកភាពគ្នា។

លោក Noppadon បានអះអាងថា វឌ្ឍនភាពក្នុងការចរចាអាចជួយប្រទេសទាំងពីររួមគ្នាអភិវឌ្ឍតំបន់ដែលមានជម្លោះ និងប្រើប្រាស់ធនធានដ៏មានតម្លៃដើម្បីធានាសន្តិសុខថាមពល។

តំបន់ទាមទារត្រួតស៊ីគ្នា ដែលគ្របដណ្តប់ផ្ទៃក្រឡាជាង២៦.០០០គីឡូម៉ែត្រការ៉េនៅក្នុងឈូងសមុទ្រថៃត្រូវបានគេជឿថា មានផ្ទុកធនធានប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើនមហាសាល។

លោក Noppadon បានមានប្រសាសន៍ឱ្យដឹងទៀតថា “គណៈកម្មាការកិច្ចការបរទេសនៃសភាថៃស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការបច្ចេកទេសរួមថ្មីមួយ ដើម្បីធ្វើការពិភាក្សាគ្នាលើតំបន់ទាមទារត្រួតស៊ីគ្នា ក្នុងផលប្រយោជន៍នៃការបោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍រួមគ្នា”។

កាលពីឆ្នាំ២០០៩ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីព្រំដែនសមុទ្រដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១ ក្រោមអាណត្តិគ្រប់គ្រងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដកហូតដោយរដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត វេចាជីវ៉ា បន្ទាប់ពីលោក ថាក់ស៊ីនត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា៕Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here