ដំណឹងល្អៈ ស្ពានតភ្ជាប់ពីតំបន់ព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្របាននិងកំពុងត្រៀមបើកការដ្ឋានសាងសង់

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ បាននិងកំពុងត្រៀមបើកការដ្ឋានសាងសង់បណ្តើរៗហើយ។

ស្ពាននេះ នឹងដើរតួនាទីសំខាន់ក្នុងការសម្រួលលំហូរចរាចរណ៍ផង និងលើកកំពស់សក្តានុពល តំបន់ស្ថិតនៅក្នុងខ័ណ្ឌច្បារអំពៅ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។

យោងតាមឯកសាររបស់ក្រុមហ៊ុនចិន ដែលបានបង្ហាញនៅលើផ្ទាំងប៉ាណូ ដែលដាក់តាំងពីមុខការដ្ឋានសាងសង់ស្ពាន នៅប៉ែកខាងកើតទន្លេរបាសាក់បានបង្ហាញថា ស្ពាននេះ ស្ថិតនៅចំណុចចាប់ផ្តើម នៅមាត់ទន្លេបាសាក់ខាងលិច ក្នុងខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម នៅផ្នែកខាងលិចនៃមហាវិថីឈុនគង់ និង​មានចំណុច​បញ្ចប់​នៅ​មាត់ទន្លេ​បាសាក់​ខាងកើត ក្នុង​ខណ្ឌ​ច្បារអំពៅ សង្កាត់​ព្រែកប្រា ក្នុង​ផ្នែក​ខាងកើត​មហាវិថី​ឈុនគង់។ខ្សែផ្លូវសរុប នៅក្នុងគម្រោងនេះមានប្រវែង១.៦៥០ម៉ែត្រ ជាខ្សែថ្មី ដែលក្នុងនោះស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង៨៤៥,៧ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់សរុប៨០៤,៣ម៉ែត្រ។

ឯកសារដដែលបានបង្ហាញទៀតថា គម្រោង​នេះ ​មានចម្ងាយពី​ទីតាំង​ពី​ស្ពាន​ព្រះមុនីវង្ស ​-​ទន្លេរបាសាក់​ខាង​លើ​ប្រហែល៣.៩៨២ ម៉ែត្រ និងមានទីតាំងពីផ្លូវក្រវ៉ាត់ក្រុងលេខ២-ស្ពានតាខ្មៅ ទន្លេរបាសាក់ខាងក្រោម ប្រហែល៣.៦១៧ម៉ែត្រ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គមនៅតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញមានការរីកចម្រើ​នយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើង នៃបរិមាណចរាចរណ៍រវាងមាត់ទន្លេបាសាក់ទាំងសងខាង។

បរិមាណចរាចរណ៍នៃស្ពានមុនីវង្ស- ទន្លេរបាសាក់បច្ចុប្បន្ន និងស្ពានទន្លេតាខ្មៅ-បាសាក់ ដែលតភ្ជាប់ទៅមាត់ទន្លេទាំងពីរនេះ បានកើនលើសពីបរិមាណនៃការរចនាទុក ដោយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ជាញឹកញាប់។

ឯកសាររបស់ក្រុមហ៊ុនចិនបានបន្តឲ្យដឹងថា គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម ព្រែកប្រា) គឺជាគម្រោងតភ្ជាប់ជាមួយមហាវិថីឈុន គង់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទិសដៅ​ទៅមុខ​របស់មហាវិថី​ឈុន គង់ ដែលកំពុង​ស្ថិតក្រោមការសាងសង់​ គឺ​ឆ្ពោះពី​លិចទៅ​កើត កាត់​មហាវិថី​សម្តេចតេជោ ហ៊ុន សែន កាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១១០ និងផ្លូវជាតិលេខ១។

គម្រោងស្ពានថ្មីនេះ តភ្ជាប់ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវសំខាន់ៗផ្សេងទៀត តាមរយៈមហាវិថីឈុនគង់ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជុំវិញ និងសម្រួលការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន នៅពេលឆ្លងកាត់ទន្លេបាសាក់។

ឯកសារដដែលបានបញ្ជាក់ថា “ការសាងសង់គម្រោងស្ពាននេះ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍ ផ្នែកទាំងសងខាងនៃទន្លេបាសាក់ ដើម្បីលើកកម្ពស់ការអភិ​វឌ្ឍប្រកបដោយគុណភាព និងនគរូបនីយកម្មក្នុងតំបន់ និងមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់”។

ទន្ទឹមគ្នានេះ តំបន់ដែលទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីគម្រោងនេះ គឺប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA)។

បច្ចុប្បន្ននេះ ការសាងសង់ និងការអភិវឌ្ឍន៍តំបន់គម្រោងមានការរីកចម្រើនខ្លាំង ស្របពេលចំនួនប្រជាជនកើនឡើង យ៉ាងឆាប់រហ័ស ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅមានភាពយឺតយ៉ាវនៅឡើយ។

លើសពីនេះ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងដើរតួជាគន្លឹះនៃការអភិវឌ្ឍន៍មូលដ្ឋានដ៏ល្អសម្រាប់តំបន់ តាមរយៈការពង្រឹងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមខ្សែផ្លូវនៃគម្រោងខាងលើ ហើយក៏មានសារសំខាន់ៈខ្លាំង សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការដឹកជញ្ជូន និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here