ប្រទេសចិនដាក់តាំងបង្ហាញយន្តហោះផលិតក្នុងស្រុកC919 របស់ខ្លួននៅទីក្រុងហុងកុង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះចិន Comac បានយកយន្តហោះផលិតក្នុងស្រុកប្រភេទ C919របស់ខ្លួន ចេញទៅខាងក្រៅប្រទេសចិនដីគោក ជាលើកដំបូងកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីដាក់តាំងបង្ហាញយន្តហោះប្រភេទថ្មីនេះ ទៅកាន់អតិថិជន ដែលមានសក្តានុពលនៅក្នុងទីក្រុងហុងកុង។

យន្តហោះC919 មានវត្តមាននៅក្នុងទីក្រុងហុងកុង រហូតដល់ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ដែលនេះជាផ្នែកមួយ នៃគោលបំណងរបស់ក្រុមហ៊ុន Comac ដើម្បីដាក់តាំងបង្ហាញយន្តហោះ ផលិតក្នុងស្រុកទៅកាន់ទស្សនិកជនអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ។

យន្តហោះ C919 គ្រោង​នឹង​ធ្វើ​ការ​ហោះហើរ​ ឆ្លង​កាត់​កំពង់ផែ Victoria Harbor នៅ​ថ្ងៃ​សៅរ៍ ទី១៦ ខែធ្នូ។ដើម្បីអបអរចំពោះការមកដល់របស់យន្តហោះC919នេះ អាកា​សយានដ្ឋានអន្តរជាតិហុងកុង បានរៀបចំពិធីមួយ ដែលចូលរួមដោយមន្ត្រីរដ្ឋាភិបាល រួមទាំងប្រធានរដ្ឋបាលទីក្រុងហុងកុង លោក John Lee ផងដែរ។

នៅក្នុងពិធីដាក់តាំងបង្ហាញនេះ លោក John Lee  បានថ្លែងអបអរសាទរ ចំពោះសមិទ្ធផលយន្តហោះធន់ធំ C919 និងយន្តហោះធន់តូច ARJ21 ដែលផលិតដោយក្រុមហ៊ុនចិន Comac។

លោក Lee បានអះអាងថា “សមិទ្ធផលយន្តហោះ C919 គឺជាភាពជោគជ័យ ដែលបញ្ជាក់ពីការឈានមុខគេរបស់ចិន នៅក្នុងឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស”។

ក្រុមហ៊ុន Commercial Aircraft Corp of China Ltd ឬគេស្គាល់ជាផ្លូវការថា Comac មានបំណងដាក់តាំងបង្ហាញយន្តហោះប្រភេទC919របស់ខ្លួន ដែលមានកៅអីអង្គុយចំនួន១៦៨ ដើម្បីប្រកួតប្រជែងនឹងយន្តហោះប្រភេទ Boeing និង Airbus របស់ក្រុមហ៊ុនលោកខាងលិច។

ក្រុមហ៊ុនបានអះអាងថា គិតចាប់ពីពេលចាប់ផ្តើមផលិត នៅក្នុងឆ្នាំ២០០៨ រហូតដល់ពេលនេះ ខ្លួនបានទទួលការបញ្ជាទិញចំនួន១.០៦១គ្រឿង ពីអតិថិជនជាង៣០ក្រុមហ៊ុន។

បច្ចុប្បន្ននេះ យន្តហោះប្រភេទC919 ចំនួន២គ្រឿង  ត្រូវបានគេយកមកប្រើប្រាស់រួចទៅហើយ ដើម្បីប្រតិបត្តិការជើងហោះហើរ​ពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុងឆឹងទូ (Chengdu) ដែលបានដឹកអ្នកដំណើរសរុបជាង៦ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here