តម្រូវការលំនៅដ្ឋាននៅប្រទេសសិង្ហបុរីបានហក់ឡើងដល់កម្រិត ខ្ពស់បំផុតក្នុងខែវិច្ឆិកា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន The edge malaysia បានចុះផ្សាយថា ការ​លក់​ផ្ទះ​ឯកជន​របស់​ប្រទេសសិង្ហបុរី ​បាន​ស្ទុះ​ងើប​ឡើង​វិញ ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុងរយៈពេល៤ខែ នៅខែវិច្ឆិកា ស្របពេលដែលការសម្រុកផ្គត់ផ្គង់ថ្មីកំពុងកើនឡើង។

យោងតាមតួលេខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង(URA) បានឱ្យដឹងថា ការទិញអាផាតម៉ិនថ្មី បានកើនឡើងជិត៤ដង ដល់ចំនួន៧៨៤យូនីតក្នុងខែវិច្ឆិកា បើធៀបនឹង២០៣យូនីត ក្នុងតុលា។

ការស្ទុះងើបឡើងវិញ នៃការ​លក់​ផ្ទះ​ឯកជន​ របស់​ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងទុកយ៉ាងខ្ពស់ បន្ទាប់ពីគម្រោងលំនៅដ្ឋានថ្មីៗជាច្រើន ដែលបានបើកដំណើរការកំពុងមានតម្រូវការជាខ្លាំង។

តម្រូវការក្នុងស្រុកដ៏រ៉ឹងមាំ បានបន្តជំរុញទីផ្សារលំនៅដ្ឋានរបស់សិង្ហបុរី ដែលជាប្រទេសមានភាពធន់ និងមានតម្លៃថ្លៃបំផុតមួយក្នុងពិភពលោក បើទោះបីជាមានការដំឡើងអត្រាការប្រាក់ និងវិធានការទប់ស្កាត់ជាបន្តបន្ទាប់យ៉ាងណាក្តី។

ទោះជាយ៉ាងនេះក្តី គេនៅតែសង្កេតឃើញមានសញ្ញាដែលបង្ហាញថា ទីផ្សារកំពុងធ្លាក់ចុះ ជាពិសេស  តម្រូវការពីជនបរទេសបានរងផលប៉ះពាល់ ដោយសារកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេរដង ដល់៦០%សម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យ ជាលក្ខណៈឯកជននៅក្នុងប្រទេសរបស់ខ្លួន។

អតិថិជនបរទេស បានគ្របដណ្តប់ប្រហែល៤% នៃសកម្មភាពប្រតិបត្តិការសរុប នៅក្នុងទីផ្សារឯកជនក្នុងឆ្នាំនេះ ដោយធ្លាក់ចុះពីជាង៦% នៅក្នុងត្រីមាសទីមួយ។ នេះបើយោងតាមធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here