ប្រទេសជប៉ុនគ្រោងប្រមូលមូលនិធិជាង៣៥ពាន់លានដុល្លារដើម្បី វិនិយោគក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

តូក្យូៈ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ខណៈបរិយាកាសភូមិសាស្ត្រនយោបាយកំពុងប្រែប្រួល ដោយសារការកើនឡើងនៃឥទ្ធិពលចិន។

តាមរយៈ“សេចក្តីថ្លែងការណ៍រួមនៃចក្ខុវិស័យ” ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ រំលឹកខួប​ទំនាក់ទំនងការទូត​៥០ឆ្នាំ រវាង​​ជប៉ុន​-អាស៊ាននៅទីក្រុងតូក្យូ ក្រុមថ្នាក់ដឹកនាំជប៉ុន និងអាស៊ាន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ លើសន្តិសុខដែនសមុទ្រ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់ការអនុវត្តថាមពល ប្រកបដោយនិរន្តរភាព និងពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យផ្សេងៗទៀត។សេចក្តីថ្លែងការណ៍បានបង្ហាញថា ក្រុមថ្នាក់ដឹកនាំ បានសន្យាគាំទ្រ ដល់ក្រុមហ៊ុនទើបចាប់ផ្តើមបើកអាជីវកម្មថ្មី ដែលផ្អែកលើឌីជីថល ក៏ដូចជាការពន្លឿនការវិនិយោគសាធារណៈ និងឯកជន ដើម្បីសម្រេចបាន ការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាស។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានដកស្រង់សម្តីដោយរដ្ឋាភិបាលរបស់លោក ដោយអះអាងថា ប្រទេសជប៉ុននឹងចាត់វិធានការណ៍ ដើម្បីកៀងគរមូលនិធិសាធារណៈ និងឯកជនជាង៣៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីសម្រួលដល់ការវិនិយោគក្នុងតំបន់អាស៊ាន ព្រមទាំងជំរុញការផ្លាស់ប្តូរមេដឹកនាំអាជីវកម្មវ័យក្មេងជាមួយតំបន់អាស៊ានផងដែរ។​ក្រុមថ្នាក់ដឹកនាំជប៉ុន និងអាស៊ាន ក៏បានប្រកាសពីការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយ សម្រាប់ឧស្សាហកម្មរថយន្តជំនាន់ថ្មី ដោយសំដៅរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីអាចឱ្យអាស៊ានបន្តដើរតួជាមជ្ឈ​មណ្ឌលផលិតកម្ម និងនាំចេញរថយន្តដ៏ធំនៅលើពិភពលោក។

លោក Kishida បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ថា “ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញ ទៅមកដ៏រឹងមាំ ប្រទេសជប៉ុន និងអាស៊ាននឹងដោះស្រាយបញ្ហាប្រឈមថ្មីៗ  ដោយបន្ថែមថា លោករីករាយ ដែលភាគីទាំង២ នឹងបោះជំហានថ្មីឆ្ពោះទៅកាន់រយៈពេល៥០ឆ្នាំខាងមុខទៀត”។

ប្រទេសជប៉ុនបានចាត់ទុក ទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់អាស៊ានថា ជាយុទ្ធសាស្ត្រដ៏សំខាន់ ដោយសារប្លុកនេះប្រឈមមុខនឹងបញ្ហាជាមួយចិននៅសមុទ្រចិនខាងត្បូង ដែលជាទីតាំងនៃផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយនៅលើពិភពលោក៕Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here