ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃកំពុងឆ្ពោះទៅសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបាន២៨លាននាក់នៅឆ្នាំនេះ ដោយសារការកើនឡើងនៃភ្ញៀវទេសចរមកពីម៉ាឡេស៊ី ដែលជួយទប់ទល់នឹងការងើបឡើងវិញដ៏យឺតនៅក្នុងទីផ្សារប្រទេសចិន ដែលជាប្រភពដ៏ធំបំផុតនៃអ្នកធ្វើដំណើរចូលប្រទេសថៃ មុនជំងឺកូវីដ-១៩។
គិតមកទល់ពេលនេះ ការចូលមកដល់សរុបនៃភ្ញៀវទេសចរបរទេស បានកើនឡើងដល់លើស២៥លាននាក់ ដោយក្នុងនោះ ចំនួនអ្នកធ្វើដំណើរមកពីម៉ាឡេស៊ីបានកើនឡើងជាងទ្វេរដងដល់៤លាននាក់បើធៀបនឹងឆ្នាំមុន។នេះបើយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។ទិន្នន័យបានបង្ហាញថា ភ្ញៀវទេសចរចិនប្រហែលា៣,១លាននាក់បានទៅលេងប្រទេសថៃ គិតមកទល់ពេលនេះក្នុងឆ្នាំ២០២៣ ដោយទទួលបានចំណាត់ថ្នាក់ទី២ និងកើនឡើងពី២៧៣.៥៦៧នាក់ ក្នុងឆ្នាំ២០២២។ ចំនួនភ្ញៀវទេសចរចិនសរុប ដែលចូលមកលេងប្រទេសថៃនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមិនអាចឈានដល់គោលដៅដែលរដ្ឋាភិបាលថៃបានដាក់ចេញចន្លោះពី៤ ទៅ៤,៤លាននាក់នោះឡើយ។
សម្រាប់ឆ្នាំ២០២៤វិញ អាជ្ញាធរទេសចរណ៍ថៃ(TAT) រំពឹងថា ភ្ញៀវទេសចរបរទេសចំនួន៣៥លាននាក់ នឹងចូលមកទស្សនាប្រទេសថៃ ដែលក្នុងនោះភ្ញៀវទេសចរចំនួន៨,២លាននាក់មកពីប្រទេសចិន។
ផ្ទុយទៅវិញ លោក Sirilak Konwai អ្នកវិភាគនៅក្រុមហ៊ុន Krungsri Securities Pcl បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបអាចឈានដល់ត្រឹមតែ៣៣លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤ ដោយសារតែការកើនឡើងយឺតនៃចំនួនភ្ញៀវទេសចរចិន ស្របពេលមានបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុក។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន កំពុងពឹងផ្អែកលើវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយវិស័យនេះគ្របដណ្តប់ប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុប និងស្មើជិតមួយភាគប្រាំនៃការងារសរុបក្នុងប្រទេស។
រដ្ឋាភិបាលថៃបានលើកលែងទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន រុស្ស៊ី កាហ្សាក់ស្ថាន ឥណ្ឌា និងតៃវ៉ាន់ ហើយបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍បើកផ្លូវហោះហើរបន្ថែមទៀត និងសម្រួលប្រតិបត្តិការនៅអាកាសយានដ្ឋានដើម្បីកាត់បន្ថយពេលវេលារង់ចាំសម្រាប់ភ្ញៀវទេសចរ៕