ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានជម្រុញឲ្យវិស្វករ ស្ថាបត្យករសិក្សាពីការសាងសង់លំនៅដ្ឋានឲ្យបានតម្លៃទាប និងធានាបាននូវនិរន្តរភាពបរិស្ថាន។
លោកសាយ សំអាល់បានមានប្រសាសន៍ ក្នុងសន្ទរកថាមួយ ដែលត្រូវបានផលិតជាវីដេអូ និងបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា បងប្អូនស្ថានបត្យករ វិស្វករ អាចសិក្សាលំនៅដ្ឋានថា ធ្វើពីឈើ ថ្ម ឬយ៉ាងណានៅតំបន់ជនបទ ដែលមានតម្លៃត្រឹម១០,០០០ដុល្លារ តែមានអាយុកាលប្រើប្រាស់បាន៥០ឆ្នាំ ដែលជាផ្ទះមានដំបូល ហើយម្ចាស់ផ្ទះមានការងារធ្វើ មានប្រាក់ខែសមរម្យ និងកូនទៅរៀនបានឬទេ?។លោកបន្តថា “ស្ថាបត្យករ វិស្វករ ត្រូវគិតពីសេដ្ឋកិច្ចដែរ កុំគិតតែពីការគូ កុំគិតតែពីការសង់”។ លោកបន្តថា “ខ្ញុំឧទាហរណ៍ថា ផ្ទះហ្នឹងតម្លៃ១៥,០០០ដុល្លារវិញ តើមន្រ្តីរាជការ អ្នកភូមិរបស់គាត់ ក្នុងមួយជីវិតរបស់គាត់អាចបង់រំលស់ និងអាចមានកម្មសិទ្ឋស្របច្បាប់បានឬអត់? តែធ្វើយ៉ាងណាត្រូវបញ្ចូលគោលការណ៍បរិស្ថាននៅក្នុងនោះ”។
លោកសាយ សំអាល់បានបន្តថា តើគួរធ្វើបែបណា ដើម្បីកុំឲ្យអស់ថ្លៃភ្លើងច្រើន ព្រោះពេលថ្ងៃលិចកំដៅចេញមក ចឹងគឺមានដំបូល និងសាងសង់ខ្ពស់ផុតពីដីគឺត្រជាក់ហើយ។ លោកបន្តថា តើជញ្ជាំងផ្ទះធ្វើកំពស់២០សង់ទីម៉ែត្រ ឬ១០សង់ទីម៉ែត្របាន? ធ្វើយ៉ាងណាឲ្យមានភាពរ៉ឹងមាំ និងសន្សំសំចៃ?៕