អ្នកវិភាគលើកឡើងពីសូចនាករចង្អុលបង្ហាញជាច្រើនលើទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០២៤ សម្រាប់ពិចារណា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារ នៅតែមិនទាន់មានភាពច្បាស់លាស់ វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមធំៗរបស់ពិភពលោក នៅតែមិនអាចទស្សន៍ទាយបាន ទីផ្សារអចលនទ្រព្យកម្ពុជាអាចពិបាកនឹងងើបឡើងឬយ៉ាងណា?។

ការវិភាគលើបញ្ហាផ្ទៃក្នុងកម្ពុជា និងកត្តាខាងក្រៅ បាននិងកំពុងអាចវាយតម្លៃបានថា ទីផ្សារអចលនទ្រព្យនៅប្រទេសនេះ កំពុងតែស្ថិតនៅក្នុងសភាពមិនច្បាស់លាស់ សម្រាប់ឆ្នាំ២០២៤ខាងមុខ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Real Estate Co, Ltdបានផ្តល់ការវិភាគលើមូលដ្ឋានមួយចំនួន ដែលអ្នកវិនិយោគ និងប្រជាពលរដ្ឋគួរពិចារណា។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃខច័ន្ទ ដើមសប្តាហ៍នេះថា យោងទៅលើសូចនាករមួយចំនួន ដែលមើលឃើញនៅក្នុងស្ថានភាពកម្ពុជា និងឥទ្ឋិពលពីខាងក្រៅ ជាមួយតម្លៃប្រេងឥន្ឋនៈ គឺនៅតែឡើងខ្ពស់សម្រាប់កម្ពុជា និងពិភពលោក ដែលកត្តានេះធ្វើឲ្យតម្លៃដើម នៃការផលិតនៅតែមានតម្លៃថ្លៃ និងអតិផរណានៅតែមានកម្រិតខ្ពស់។ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ពីស្ថាប័នអន្តរជាតិធំៗសម្រាប់ឆ្នាំ២០២៤ គឺមានកំណើនក្នុងរង្វង់តែ២,៥ភាគរយ ខណៈឆ្នាំ២០២៣នេះ ការព្យាករណ៍សេដ្ឋកិច្ចសកលបានថមថយពី៣,៣ភាគរយ មកត្រឹម២,៩ ទៅកំណើន៣ភាគរយប៉ុណ្ណោះ។

លោកប៉ូ អ៊ាវគង់បានបន្តថា រឿងដែលនាំឲ្យមានបញ្ហាប្រឈមមួយទៀត គឺលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មកកម្ពុជា មិនទាន់មានសញ្ញាមានកំណើនផងដែរ ហើយបើមើលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ឋនានា មិនទាន់មានកញ្ចប់ជម្រុញ​ណា​មួយនោះដែរ។ លោកបន្តថា យើងទទួលបានការលើកទឹកចិត្តមួយចំនួន ជាការបន្ឋូរទីផ្សារ ការបន្តលើកលែងពន្ឋលើប្រាក់ចំណេញមូលធន មិនយកពន្ឋលើលំនៅដ្ឋាន ដែលមានតម្លៃ៧០,០០០ដុល្លារចុះជាដើម។ លោកបន្តថា ជាមួយគ្នានេះ បញ្ហានៅប្រទេសវៀតណាម ចិន ជាដើម ជាកត្តាសំខាន់ដែលមិនអាចទាក់ទាញ និងរុញកំណើននៃការវិនិយោគមកកម្ពុជានៅឡើយ ដែលនេះសុទ្ឋតែជាបញ្ហាប្រឈម ដែលអំណាចនៃការទិញក្នុងទីផ្សារ នៅតែពឹងលើតម្រូវការរបស់អ្នកក្នុងស្រុកនៅឡើយ។ លោកបញ្ជាក់ទៀតថា “ចំណុចនៃផលប៉ះពាល់ទាំងនេះ នឹងធ្វើឲ្យអំណាចនៃការទិញមានភាពទន់ខ្សោយ ដោយមិនមានសញ្ញាកើនឡើងយ៉ាងគំហុកណាមួយទេ”។ លោកបន្តថា “ទីផ្សារមិនទាន់មានភាពរ៉ឹងមាំ និងមានភាពប្រទាញប្រទង់ ដែលនៅតែមានបញ្ហាប្រឈ​ម”។

លោកប៉ូ អ៊ាវគង់បានបន្តទៀតថា ទីផ្សារដែលពឹងតែតម្រូវការក្នុងស្រុក នឹងមានកំណើនមានដែនកំណត់ ហើយបើសិនជាមានសំពាធពីអន្តរជាតិបន្ថែមទៀត នឹងអាចធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះបន្ថែមទៀត។ លោកបន្តថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង និងការជម្រុញពីរដ្ឋាភិបាលលើកំណើនសេដ្ឋកិច្ច នឹងមិនបានផលភ្លាមៗនោះទេ វាត្រូវការពេលរយៈពេល២ទៅ៣ឆ្នាំ ប៉ុន្តែបើស្ថានភាពល្អ អ្វីៗអាចនឹងប្រសើរនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។

ទោះជាយ៉ាងណា លោកអ៊ាវគង់បានចង្អុលបង្ហាញថា ក្នុងស្ថានភាពនេះ បើសិនជាអ្នកវិនិយោគមានលុយក្នុងដៃ មានលំហូរសាច់ប្រាក់ល្អ គួរតែវិនិយោគ ព្រោះឆ្នាំ២០២៤​ អាចនឹងមានអចលនទ្រព្យមានតម្លៃល្អកាន់តែច្រើន ធៀបនឹងឆ្នាំ២០២៣ ដោយស្ថានភាពអាចមានហានិភ័យខ្ពស់ ប៉ុន្តែក៏អាចមានផលចំណេញច្រើន។

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍កំនើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបាន៦,១ភាគរយនៅឆ្នាំ២០២៤ ដោយសារការកើនឡើងនូវវិស័យដែលជាកំលាំងចលករ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចសំខាន់ៗ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ នៅតែរក្សាកំណើនយឺតយ៉ាវដដែល។

 ទោះជាយ៉ាងណា លោកឧកញ៉ាចេង ខេងប្រធានអគ្គនាយកក្រុមហ៊ុនCPLបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ទីផ្សា​រអចលនទ្រព្យ នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤ ដោយសារធនាគារនានានឹងបញ្ចេញ ឥណទានសម្រាប់វិស័យនេះ ដោយលោកហៅស្ថានភាពនេះ ប្រៀបដូចជាមនុស្សស្រេកទឹកខ្លាំង និងត្រូវបានគេផ្តល់ទឹកឲ្យផឹក។ លោកបន្តថា “ទីផ្សារដីធ្លីនឹងងើបឡើងវិញ នៅតំបន់មួយចំនួន ពិសេសតំបន់ជាយរាជធានីភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here