ដោយ: គង់ លាងហួរ
តូក្យូ: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញផែនការលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ បន្ទាប់ពីបានជួបថ្នាក់ដឹកនាំ នៃប្រទេសទាំង៣កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ។
កិច្ចប្រជុំរបស់លោក សេដ្ឋា ថាវីស៊ីនជាមួយភាគីកម្ពុជា វៀតណាម និងឡាវបានធ្វើឡើង នៅក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ ដើម្បីរំលឹកខួប៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។
លោក សេដ្ឋា បានមានប្រសាសន៍ឱ្យដឹងថា ក្នុងកិច្ចពិភាក្សាជាមួយលោក Võ Văn Thưởng ប្រធានរដ្ឋវៀតណាម ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្តារឡើងវិញ នូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរវាងប្រទេសទាំងពីរ ហើយភាគីវៀតណាម បានស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះនៅខែឧសភា ឆ្នាំ២០២៤។ក្នុងកិច្ចពិភាក្សានោះ លោក Võ Văn Thưởng បានស្នើឱ្យប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជា ចាត់វិធានការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយភាពរលូន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចធ្វើដំណើរទៅមករវាងប្រទេសទាំង៤ ដោយពុំចាំបាច់កាន់ទិដ្ឋាការដាច់ដោយឡែក។
ជាការឆ្លើយតប លោក សេដ្ឋា ថាវីស៊ីន បានលើកសរសើរគំនិតនេះថា ជាគំនិតច្នៃប្រឌិត ដោយលោកបន្ថែមថា លោកនឹងបញ្ជាដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ឱ្យពិភាក្សាអំពីបញ្ហានេះ និងធ្វើការដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំង៤។ក្នុងកិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក សេដ្ឋា បានលើកឡើងពីបញ្ហាមួយចំនួន រួមទាំងការបង្កើតស្ថានកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលលំហូរនៃភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទអង្គរវត្ត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់លោក សេដ្ឋា ថាវីស៊ីន ចំពោះការផ្ដល់ការថែទាំដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃផងដែរ៕The Nation៕