រយៈពេល១០ឆ្នាំកម្ពុជាត្រូវការទុន៣៦,៦ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍គំរោងចំនួន១៧៤

0

  ដោយៈ គង់ ហ្វីអូណា

 ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័ត គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋចំនួន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រ​មាណ៣៦,៦ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល១០ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ខាងមុខ។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពេលអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី១៩ ធ្នូកន្លងមកនេះ។ ក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ លើគម្រោងធំៗ២ សម្រាប់វិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្ម។ថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើដឹកនាំដោយអ្នកនាង Esra BORA នាយិកាគ្រប់គ្រងទូទៅ ប្រចាំប្រទេសកម្ពុជា វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមគោលបំណង ដើម្បីស្វែងយល់អំពីទិដ្ឋភាពទូទៅ និងបច្ចុប្បន្នភាព នៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីបានជាគន្លឹះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគ រវាងផ្នែករដ្ឋ និងវិស័យឯកជន។ លោករដ្ឋមន្រ្តី បានយកឱកាសនេះ ចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន ជាពិសេសគឺ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ៣៦,៦ ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់លោករដ្ឋមន្រ្តី ភាគីក្រុមហ៊ុន បានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានសង្កត់ធ្ងន់ លើគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍ កំពង់ផែពហុបំណងខេត្តកំពត និងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌​មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here