ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារពិភពលោក គឺជាស្ថាប័នអន្តរជាតិមួយ ដែលមានសមាជិក១៨៩ប្រទេស។តួនាទីរបស់ធនាគារពិភពលោក គឺកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចី ដល់រដ្ឋាភិបាលជាសមាជិកនៃប្រទេសក្រីក្រ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាពកម្រិតជីវភាពប្រជាជន។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារពិភពលោកមានទ្រព្យសកម្មសរុប ចំនួន៣៣៦,៦៣ពាន់លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន១១,៣ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការចំនួន៥០ នៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
នៅក្នុងឆ្នាំសារពើពន្ធ២០២៣ដដែល ធនាគារពិភពលោកបានអនុម័តផ្តល់ប្រាក់កម្ចីចំនួន១២ពាន់លានដុល្លារ ដល់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលសម្រាប់ប្រតិបត្តិការចំនួន៧៣។
ឆ្នាំសារពើពន្ធ២០២៣ ធនាគារពិភពលោក (IBRD/IDA) បានសន្យាផ្តល់ប្រាក់ចំនួន៧២,៨ពាន់លានដុល្លារ ដល់បណ្តាប្រទេសជាដៃគូ ដោយចែកចាយជាឥណទាន កម្ចី និងជំនួយឥតសំណង។
ធនាគារពិភពលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្តាលនៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ ការបង្កើតធនាគារនេះឡើង ក្នុងគោលដៅដើម្បីជួយកសាង ទ្វីបអឺរ៉ុប និងជប៉ុន បន្ទាប់ពីរងការខូតខាត ក្នុងសង្គ្រាមលោកលើកទី២ ដែលមានឈ្មោះផ្លូវការជា ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (International Bank for Reconstruction and Development ឬ IBRD) ។ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ១៩៤៦។
ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា។ អង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារពិភពលោក (World Bank Group) ដែលរួមមាន៖
-ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។
-សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប។
-សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ប្រាក់កម្ចីដល់វិស័យឯកជន។
-ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅបរទេស។
-មជ្ឈមណ្ឌលអន្តរជាតិ ដើម្បីដោះស្រាយវិវាទវិនិយោគ(ICSID) ជួយវិនិយោគិនឯកជន និងប្រទេសនៅពេលមានការមិនឯកភាពគ្នា។
ធនាគារពិភពលោកមានដំណើរការ ដូចស្ថាប័នសហប្រតិបតិ្តការដ៏ធំមួយ ដែលសមាជិករបស់ខ្លួនគឺជាម្ចាស់ភាគហ៊ុន។ ចំនួនភាគហ៊ុន ដែលប្រទេសនីមួយៗមានគឺផ្អែក លើទំហំសេដ្ឋកិច្ចនៃប្រទេសនោះ។ តួយ៉ាងសហរដ្ឋអាមេរិក គឺជាម្ចាស់ភាគហ៊ុនធំជាងគេ តាមពីក្រោយដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស និងបារាំង។ រីឯ ភាគហ៊ុនដែលនៅសល់ ត្រូវបានបែងចែកក្នុងចំណោម ប្រទេសសមាជិកដទៃផ្សេងទៀត។
ជាក់ស្តែង សហរដ្ឋអាមេរិកផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុច្រើនបំផុតចំពោះធនាគារ IBRD ដែលស្មើនឹង១៦,៦៩% នៃធនធានសរុបរបស់ធនាគារនេះ។ ដើមទុនដែលអាមេរិកបានបង់ជម្រះ មានចំនួន៣,៥ពាន់លានដុល្លារ ហើយដើមទុន ដែលអាមេរិកមិនទាន់បង់ចូលមានចំនួន៤៧,៨ពាន់លានដុល្លារ។
ចំណែកឯប្រទេសដែលខ្ចីប្រាក់ច្រើនជាងគេ ពីធនាគារពិភពលោក រួមមានដូចជា ប្រទេសឥណ្ឌា តួកគី ឥណ្ឌូនេស៊ី អ៊ុយក្រែន និងហ្វីលីពីន។
ធនាគារពិភពលោក ឬ World bank គឺជាស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធពល ព្រោះធនាគារនេះតែងតែផ្ដល់កម្ចី ដល់ប្រទេសនានាជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតអត្រាការប្រាក់ទាប និងបានផ្ដល់ជំនួយឥតសំណង ព្រមទាំងជំនួយមនុស្សធម៌ផងដែរ៕