កម្ពុជា ចិនប្រារព្ធធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា ហើយសម្រាប់ឆ្នាំ២០២៤

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ចិនបានប្រារព្ធពិធីបើកដំណើរការជាផ្លូវការនូវឆ្នាំនៃការផ្លាស់ប្តូរបន្រជាជន និងប្រជាជនរវាងកម្ពុជា ចិនជាផ្លូវការហើយ បន្ទាប់ពីកម្មវិធីនេះបានប្រកាសកាលពីចុងឆ្នាំមុន។

ពិធីនេះបានប្រារព្ធធ្វើនៅថ្ងៃទី១៣ មករាកន្លងមកនេះ នៅបរិវេ​ណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកលី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោ​សនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានអញ្ជើញជាអធិបតីបើក (ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤)។

លោកលី ស៊ូឡីបានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជម្រុញយ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិន​ និងកម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើបណ្តាវិស័យ និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក។ ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជំនួយសាងសង់ដោយភាគីចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប- ប៉ោយប៉ែតកំពុងដំណើរការជាបន្តបន្ទាប់ មជ្ឈមណ្ឌលឱសថបុរាណចិន-កម្ពុជាត្រូវបាន សម្ពោធជាផ្លូវការ និងសាកលវិទ្យាល័យខេមតិច បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

លោកបន្តទៀតថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជម្ងឺកូវីដយ៉ាងធ្ងន់ធ្ងរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបំពេញទស្សនកិច្ច ជាបន្ទាន់ទៅកាន់ប្រទេសចិន និងបានពាំនាំនូវជំនួយដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន កម្ពុជា-ចិន ២០២៤” នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។ ក្នុងនោះដែរសម្តេចមានសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជនកម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន  ក្នុងការសម្រេចឲ្យបាននូវការ    កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន”។

សម្តេចក៏បានលើកផងដែរ ពីការភ្ជាប់ទំនាក់ទំនងកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនាបានបញ្ជាក់ដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” យើងនឹងអាចផ្សព្វផ្សាយ កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួម ដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ការរៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នា យ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។

វិស័យវប្បធម៌បានដើរតួនាទី ជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍន៍ផលិតផលទេសចរណ៍។ ជាមួយគ្នានេះ វិស័យទេស​ចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យ នៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម ហើយទេសចរណ៍ និងវប្បធម៌ ផ្សាភ្ជាប់គ្នាតាមរយៈសក្កានុពល នៃកំណើនវិស័យទាំងពីរផងដែរ។

វប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។ ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជម្រុញមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here