ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយគណៈប្រតិភូក្លឹប សហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ដឹកនាំដោយលោក Zhan Tin (ចាន់ ធីន) អគ្គលេខាធិការរងក្លឹប។
គោលបំណងនៃការអញ្ជើញមក របស់គណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន (CECC) មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែម អំពីសេដ្ឋកិច្ចរបស់ខេត្ត និងជាពិសេសឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
លោកអភិបាលរងបានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា “ខេត្តព្រះសីហនុ បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើន ប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែក ទៅលើវិស័យទេសចរណ៍តែមួយមុខ”។ លោកបន្តថា “ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ”។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងបានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផល ដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញអំពីបំណង នៃការវិនិយោគទៅលើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្មផងដែរ៕