ទោះប្រឈមវិបត្តិ ក៏គម្រោងវិនិយោគសាងសង់ទីក្រុងរណបធំៗនៅកម្ពុជានៅតែបន្តដំណើរការ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ បើទោះបីជាស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានសភាពនៅទ្រឹងយ៉ាងណាក្ដី ប៉ុន្ដែគម្រោងសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្ដដំណើរការជាធម្មតា។

ជាក់ស្ដែង ថ្នាក់ដឹកនាំក្រុមហ៊ុនOCIC បានអះអាងថា ការអភិ​វឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនOCIC ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ និងកោះនរា ជាដើម នៅតែបន្តសកម្មភាពសាងសង់ជាហូរហែរ មិនមានការផ្អាកការសាងសង់នោះឡើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាង បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ន ទីក្រុងរណបកោះពេជ្រ បច្ចុប្បន្ននៅតែបន្ដមានការអភិវឌ្ឍអគារពាណិជ្ជកម្មបន្ថែម ខណៈហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងរណបមួយនេះវិញ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ ដោយឡែក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបានប្រមាណ៩០%ហើយ។ រីឯការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះនរា សម្រេចបានចន្លោះពី ៧៥% ទៅ៨០% និងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។.លោក ទូច សំណាងបានបន្តថា “ការងារសាងសង់ហាក់មិនទាន់វិលមករកភាពល្អប្រសើរនោះទេ។ វិស័យនេះ ហាក់នៅមានសភាពទ្រឹងនៅឡើយ”។

លោកបន្តថា លោកមិនទាន់អាចសន្និដ្ឋានបានទេថា វិស័យសំ​ណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣ ឬយ៉ាងណា ដោយលោកបញ្ជាក់ថា បច្ចុប្បន្នលោកមិនទាន់មើលឃើញថា មានវិនិយោគិនថ្មីៗ ចូលមកវិនិយោគក្នុងវិស័យនេះនៅឡើយដែរ។

ដើម្បីជួយជំរុញកំណើនវិស័យអចលនទ្រព្យ កំពុងជួបធ្លាក់ចុះ ក៏ដូចជា ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ កន្លងមក រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលបង់ពន្ធបន្តបន្ទាប់ លើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ជាដើម។តួយ៉ាងថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤ បន្ថែមទៀត និងការអនុគ្រោះជាច្រើនទៀត។

គិតក្នុងត្រីមាសទី៣ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណ​ង់ចំនួន៧៤៩គម្រោង ថយចុះជាង៣៦% ខណៈតម្លៃគម្រោងសាងសង់វិញ មានទំហំជាង២២០០លានុល្លារ មានការកើនឡើងដល់ទៅជាង១៩២% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here