ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានសន្យាបង្កើតក្រុមការងារមួយ ដើម្បីពិចារណាឱ្យបានឆាប់រហ័សនូវសំណើ ដែលដាក់ជូនដោយសមាគមអចលនទ្រព្យចំនួន៧ ទាក់ទងនឹងឧបសគ្គ និងបញ្ហាប្រឈមដែលវិស័យនេះជួបប្រទះ។
លោក សេដ្ឋា ថាវីសុីន ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យកំពូលមួយរូបនៅក្នុងប្រទេសថៃ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុន ថា “ទីផ្សារអចលនទ្រព្យនៅប្រទេសថៃ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយវាជាបញ្ហាសំខាន់ ដែលយើងត្រូវកែលម្អជាបន្ទាន់”។លោកនាយករដ្ឋមន្ត្រីថៃ បានបន្តថាការជំរុញទីផ្សារអចលនទ្រព្យក៏នឹងមានឥទ្ធិពលច្រើនទៅលើអាជីវកម្ម ដែលពាក់ព័ន្ធ ផ្សេង ៗទៀត ផងដែរ។
លោក Issara Boonyang ប្រធានសមាគមធុរកិច្ចលំនៅដ្ឋានរបស់សភាពាណិជ្ជកម្មថៃបានដឹកនាំតំណាងសមាគមអចលនទ្រព្យចំនួន៦ផ្សេងទៀតនៅក្នុងប្រទេសថៃ ដើម្បីដាក់សំណើចំនួន៨ចំណុចទៅកាន់នាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ ទី១០ ខែមករា។សំណួរទាំង៨ចំណុចនោះ រួមមានដូចខាងក្រោម៖
ទី១: កាត់បន្ថយថ្លៃផ្ទេរ និងថ្លៃបញ្ចាំអចលនទ្រព្យ។
ទី២: អនុវត្តការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងសាងសង់ផ្ទះនៅលើដីរបស់ខ្លួន។
ទី៣: ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ក្នុងរង្វង់៣% ដល់អ្នកដែលមានប្រាក់ចំណូលទាប ដែលពួកគេមានបំណងទិញផ្ទះលើកដំបូង។
ទី៤: ធ្វើវិសោធនកម្មលក្ខណៈវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃទៅលើដីសម្រាប់លំនៅដ្ឋាន និងដីពាណិជ្ជកម្ម។
ទី៥: កាត់បន្ថយពន្ធដី និងអគារចំនួន ៥០% សម្រាប់រយៈពេលមួយឆ្នាំ ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញទាំងស្រុង។
ទី៦: កែសម្រួលបទប្បញ្ញត្តិស្តីពីការកាន់កាប់អចលនទ្រព្យដោយជនបរទេស ដូចជាការបន្តរយៈពេលជួលអតិបរមាពី៣០ឆ្នាំ ទៅ៦០ឆ្នាំ និងផ្តល់សិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃ១០ និង៥លានបាតសម្រាប់ជនបរទេស ដែលកាន់ទិដ្ឋាការរយៈពេល១០ឆ្នាំ និង៥ឆ្នាំរៀងៗគ្នា។
ទី៧: លុបចោលគោលនយោបាយប្រាក់កម្ចីធៀបទៅនឹងតម្លៃ (LTV) របស់ធនាគារកណ្តាលថៃ ដើម្បីជួយជំរុញទីផ្សារអចលនទ្រព្យ។
ទី៨: អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) មុនពេលដំណើរការផ្ទេរដីធ្លីត្រូវបានបញ្ចប់ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុដល់អ្នកអភិវឌ្ឍន៍ ក្នុងករណីដែលលិខិតអនុញ្ញាតមិនត្រូវបានអនុម័ត។
បន្ទាប់ពីកិច្ចជ្រុំខាងលើ លោក Issara បានមានប្រសាសន៍ឱ្យដឹងថា លោក សេដ្ឋា ថាវីសុីន បានសន្យាថា លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីពិចារណាលើសំណើណា ដែលអាចអនុវត្តបាន និងផ្តល់អាទិភាពដល់សំណើទាំងនោះ ដោយផ្អែកលើភាពសក្តិសម និងថវិកាដែលត្រូវការ៕ប្រភព៖The Nation៕