ដោយៈ គង់ សូរិយា
ភ្នំពេញៈ កញ្ចប់ថវិកាដែលរដ្ឋាភិបាល ត្រៀមចំណាយលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនប្រមាណ៧៧លានដុល្លារអាមេរិក។
ទំហំថវិកានេះ គឺជាការចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមរបាយការណ៍ថវិកាសង្ខេប ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស។
របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងកសិកម្ម ដែលមានទំហំចំណាយដល់ជាង៥៥លានដុល្លារនោះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសវនកម្មផ្ទៃក្នុង។
ទំហំថវិកានេះ ក៏ប្រើសម្រាប់បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារសហប្រតិបតិ្តការអន្តរជាតិ ពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យកសិកម្ម ពង្រឹងគាំទ្រសេវារដ្ឋបាល ការបង្កើនប្រសិទ្ធភាពការងារអធិការកិច្ច ការរៀបចំបង្កើត គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល។
ប្រើសម្រាប់កែទម្រង់គុណភាពអប់រំ និងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ពង្រឹងគុណភាពប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្មរបស់វិទ្យាស្ថានជាតិ កសិកម្មកំពង់ចាម, ការលើកកម្ពស់ការងារផ្សព្វផ្សាយ កសិកម្ម និងការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សនៅរាជធានី-ខេត្ត។
ចំណែកថវិកាជាង១១លានទៀត នៃកញ្ចប់ថវិកាសរុប៧៧លានដុល្លារ ដែលរដ្ឋាភិបាលចំណាយលើក្រសួង កសិកម្ម គឺផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច។ ក្នុងនោះ មានការបង្កើនផលិតភាព ដំណាំមានសក្តានុពល និងការនាំចេញ, ការសិក្សា និងវាយតម្លៃប្រភេទពូជដំណាំ និងបច្ចេកទេសផលិតកម្មដំណាំ, ការពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវាគាំទ្រ, ការលើកកម្ពស់ និងពង្រីកខ្សែច្រវាក់តម្លៃកៅស៊ូ, លើកកម្ពស់គុណភាពពិសោធន៍ និងស្រាវជ្រាវកៅស៊ូ, ការអភិវឌ្ឍកសិ-ឧស្សាហកម្ម, ការស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នៃដំណាំស្បៀង និងការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច នៅគ្រប់រាជធានី-ខេត្ត៕