ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុបនៅកម្ពុជា ត្រូវបានលើកកម្ពស់តាមរយៈគំនិតផ្តួចផ្តើមកសាងកិត្យានុភាពកម្ពុជា និងការគូសវាសគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគ។
ក្នុងស្មារតីបន្តតាមដានវឌ្ឍនភាពការងារ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួប ពិភាក្សាការងារជាមួយតំណាងស្ថានបេសកកម្ម សហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ ក្នុងគោលបំណងពិភាក្សា អំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគ ទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប។លោកសួន សុផលបានថ្លែងអំណរគុណ ជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក. ដើម្បីចាប់ផ្តើមគូសវាស នូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិន មកពីបណ្តាប្រទេសសមាជិកនានា នៃសហភាពអឺរ៉ុបឱ្យមកស្វែង រកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។
លោកបង្ហាញជំនឿចិត្តថា បេសកកម្មទាក់ទាញ និងគោះទ្វារវិនិយោគិន ទៅកាន់តំបន់អឺរ៉ុបនាឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ អនុតំបន់, និងតំបន់។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹង លើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតី នៃកិច្ចពិភាក្សានេះឱ្យក្លាយ ទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជាក់ស្តែងនិយម រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប៕