កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍៣០០០លានដុល្លារកាលពីឆ្នាំមុនជាមួយភ្ញៀវអន្តរជាតិ៥,៤៥លាននាក់

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបង្ហាញថា ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ៥,៤៥លាន និងទេសចរជាតិចំនួន១៨,៥លាននាក់ ដែលបង្កើនចំណូលចូលជាតិប្រមាណ៣ពាន់លានដុល្លារ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកថោង រដ្ឋសក្តិ បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច កម្ពុជា (ហូកា)នៅក្រុងបាត់ដំនបងកាលពីដើមសប្តាហ៍នេះ។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៥,៤៥លាននាក់ កើនឡើង១៣៩% និងភ្ញៀវទេសចរជាតិ មានចំនួនសរុប១៨,៥លាននាក់ កើនឡើង៣២.៨ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលបង្កើនចំណូលចូលជាតិប្រមាណ៣ពាន់លានដុល្លារអាមេរិក ហើយកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ សរុបចំនួនប្រមាណ៦,២លាននាក់ នៅឆ្នាំ២០២៤ នេះ ។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ចាត់ទុកវិស័យទេសចរណ៍ នៅតែជាវិស័យអាទិភាព និងជា “មាសបៃតង”  ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយបានកំណត់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើតការប្រកួតប្រជែង។

លោកបន្តថា ក្រសួងបង្កើននូវប្រភេទសេវាកម្មទេស​ចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែប សំដៅទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិឱ្យកាន់តែច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ដោយផ្ទាល់ក្នុងមូលដ្ឋាន ជំរុញបានការនាំចេញនៅនឹងកន្លែង ពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ ​និងការការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈាន ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។

លោកបានបង្ហាញឱ្យដឹងថា ក្រសួងបានរៀបចំនូវគោលនយោ​បាយអភិវឌ្ឍន៍ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មី បង្កើន៥ និងអភិវឌ្ឍន៍៣ រួមមាន បង្កើន៥គឺ ១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ។ ២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ។

៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធ ទៅនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង។ ៤.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និង៥.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ចំពោះការអភិវឌ្ឍ៣ មាន៖ ១.អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ២.អភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និង៣.អភិវឌ្ឍធនធានមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here