ធនាគារក្រុងស្រ៊ី បានផ្តល់ហិរញ្ញប្បទានសរុបជិត៥០០លានដុល្លារ ដល់ធនាគារហត្ថា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  ធនាគារ ក្រុងស្រ៊ី (ធនាគារ អយុធ្យា និងក្រុមហ៊ុនអាជីវកម្មចំណុះរបស់ធនាគារ) ដែលជាគ្រុបហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅប្រទេសថៃ បានប្រកាសផ្តល់ឥណទានជិត៥០០លានដុល្លារអាមេរិក។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារក្រុងស្រ៊ី​ និងជាធនាគារពាណិជ្ជដ៏ធំមួយ ក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង៥នៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការអាជីវកម្មឱ្យកាន់​តែខ្លាំងក្លាបន្ថែមទៀត។

រហូតមកដល់ពេលនេះ ធនាគារហត្ថា​ ទទួលបានហិរញ្ញប្បទានសរុបពីធនាគារក្រុងស្រ៊ី មានចំនួនទឹកប្រាក់ជិត៥០០លានដុល្លារសហរដ្ឋអាមេរិក។ហិរញ្ញប្បទាននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ក្រុងស្រ៊ី ដើម្បីក្លាយជាធនាគារដ៏លេចធ្លោមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងអនុញ្ញាតឱ្យ ធនាគារហត្ថា អាចពង្រីកវិសាលភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងទូលំទូលាយ ដល់អតិថិជនគោលដៅ ជាពិសេសអតិថិជន ដែលជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ដែលបាននិងកំពុងត្រូវការដើមទុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យផ្សេងៗ ដូចជា កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងវិស័យពាណិជ្ជកម្មជាដើម ដែលស្ថិតនៅក្នុងបរិបទមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

លោក Kenichi Yamato ប្រធានអគ្គនាយក និងនាយកប្រតិបត្តិនៃធនាគារក្រុងស្រ៊ី បានមានប្រសាសន៍ថា ការបន្ថែមហិរញ្ញប្បទានជាយុទ្ធសាស្ត្ររបស់យើងដល់ ធនាគារហត្ថា​ ដែលជាធនាគារលំដាប់ជួរមុខមួយ នៅក្នុងចំណោមអាជីវកម្មយុទ្ធសាស្ត្រ តំបន់អាស៊ីអាគ្នេយ៍របស់ធនាគារក្រុងស្រ៊ី គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រអាជីវកម្មរបស់ ធនាគារហត្ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន នៅក្នុងប្រទេសកម្ពុជា និងធ្វើការគូសបញ្ជាក់ឡើងវិញ អំពីតួនាទីរបស់យើងជាធនាគារថ្នាក់តំបន់មួយ។លោកបញ្ជាក់ថា “យើងទាំងអស់គ្នាមានជំនឿថា តាមរយៈចំណេះជំនាញហិរញ្ញវត្ថុ ដាច់ដោយឡែករបស់ធនាគារក្រុងស្រ៊ី និងបទពិសោធអាជីវកម្មក្នុងស្រុករបស់ ធនាគារហត្ថា កន្លងមកនេះ ធនាគារហត្ថា នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាប្រក​បដោយនិរន្តរភាព”។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយករបស់ធនាគារ ហត្ថាបានលើកឡើងពីសារៈសំខាន់ នៃហិរញ្ញប្បទានបន្ថែមនេះ ដោយធ្វើការគូសបញ្ជាក់ថា “ជាមួយនឹងហិរញ្ញប្បទានបន្ថែមថ្មីនេះ ដែលធ្វើឱ្យចំនួនហិរញ្ញប្បទាន សរុបមានរហូតដល់ជិត៥០០លានដុល្លារសហរដ្ឋអាមេរិកពីធនាគារក្រុងស្រ៊ី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយឱ្យធនាគាររបស់យើង [ធនាគារ ហត្ថា] ពង្រីកទ្រព្យសកម្ម និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជំរុញផលិតភាពការងារ ព្រមទាំងប្រតិបត្តិការអាជីវកម្ម ឱ្យត្រូវទៅតាមផែនការដែលបានកំណត់ទុក។លោកឧកញ៉ាបញ្ជាក់ថា “ការផ្តល់ហិរញ្ញប្បទានបន្ថែមនៅពេលនេះ ក៏បានបង្ហាញយ៉ាងជាក់ច្បាស់អំពីមហិច្ឆតារបស់ ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ ក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ និងដែលជាសមាជិកសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក MUFG ក្នុងការពង្រីកវិសាលភាពអាជីវកម្ម និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍”។

ធនាគារហត្ថា ទទួលបានការគំាទ្រយ៉ាង​ពេញទំហឹង ពីសំណាក់អតិថិជន សាធារណជន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងជាពិសេស ធនាគារ ក្រុងស្រ៊ី ដែលដើរតួនាទីយ៉ាង​សំខាន់ក្នុងការបង្កើតជំនឿទុកចិត្ត និងការគាំទ្រដល់ធនាគារហត្ថា។ ម្យ៉ាងវិញទៀត ធនា​គា​រហត្ថា បាននិងកំពុងដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានទស្សនវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួន ទៅជាធនាគារជម្រើសទីមួយរបស់អតិថិជន សម្រាប់ការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ និងទទួលបានអនា​គតដ៏ប្រសើរ។

អំពីធនាគារហត្ថា
ធនាគារហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ លើសពីនេះ ធនាគារ ហត្ថា បន្តកាន់កាប់តំណែងឈរជើងយ៉ាងរឹងមាំ ក្នុងចំណោមធនាគារធំៗទាំង៨ នៅក្នុងប្រទេសកម្ពុជាយោងទៅលើផលបត្រឥណទាន និងប្រាក់បញ្ញើសន្សំ។ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ នៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពីធនាគារក្រុងស្រ៊ី
ធនាគារ ក្រុងស្រ៊ី (ធនាគារ អយុធ្យា និងស្ថាប័នអាជីវកម្មចំណុះរបស់ធនាគារ) គឺជាគ្រុបហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ យោងលើទ្រព្យសកម្ម ផលបត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ Domestic Systemically Important (D-SIBs) ទាំង៦របស់ប្រទេសថៃឡង់ដ៍ ដែលបានធ្វើប្រតិបត្តិការ អាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល៧៨ឆ្នាំកន្លងមកហើយ។ ធនាគារ ក្រុងស្រ៊ី គឺជាសមាជិកសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក MUFG ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតក្នុងប្រទេសជប៉ុន។ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួន យ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម និងក្រុមហ៊ុន តាមរយៈបណ្តាញការិយាល័យក្នុងស្រុកចំនួន៥៩៩ទីតាំង (៥៥៩ ការិយាល័យធនាគារ និង៤០ការិយាល័យអាជីវកម្មអូតូ) និង ទីតាំងផ្តល់សេវាកម្មជាង ៣៤.០៧២ ទីតាំងនៅទូទាំងប្រទេស។

គ្រុបក្រុងស្រ៊ី គឺជាស្ថាប័នបោះផ្សាយប័ណ្ណធំជាងគេ នៅក្នុងប្រទេសថៃឡង់ដ៍ ជាមួយនឹងប័ណ្ណឥណទានចំនួន១០,២ លាន គណ​នីឥណទានផ្ទាល់ខ្លួន គណនីហិរញ្ញវត្ថុលក់ និងឥណទានផ្ទាល់ខ្លួន ជាស្ថាប័នផ្តល់សេវាកម្មបង់រំលស់រថយន្តដ៏ធំមួយ​ (ក្រុងស្រ៊ី អូតូ) ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានការរីកលូតលាស់ជាងគេ (ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិក្រុងស្រ៊ី) និងជាក្រុមហ៊ុនដំបូងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Ngern Tid Lor)៕

LEAVE A REPLY

Please enter your comment!
Please enter your name here