អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីJane Sun  អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុនTrip.com ដែលមានប្រតិបត្តិការអាជីវកម្ម ផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។ជាមួយគ្នានេះលោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូ នៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើនមកទស្សនា ប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការ ជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។

អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here