រូបិយប័ណ្ណរបស់កូរ៉េខាងត្បូង នឹងអាចប្រើប្រាស់ទូទាត់ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាននៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ឱ្យដឹងថា ប្រាក់វ៉ុននឹងអាចទូទាត់ក្នុងប្រតិ បត្តិការពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ាន ចាប់ពីខែកក្កដាខាងមុខតទៅ។

ចំណាត់ការនេះគឺជាផ្នែកមួយ នៃការកាត់បន្ថយថ្លៃប្រតិបត្តិការ នៅពេលប្តូរប្រាក់វ៉ុន ទៅជារូបិយប័ណ្ណផ្សេងទៀត ឬប្ដូរទៅជា ប្រាក់វ៉ុនវិញ ដែលការណ៍នេះ អាចជួយកាត់បន្ថយហានិភ័យ ជុំវិញអត្រាប្តូរប្រាក់ ដែលគ្មានស្ថេរភាព។

ផែនការនេះត្រូវបានគូសបញ្ជាក់ឡើងនៅក្នុង ទិសដៅគោលនយោបាយសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៤ ដែលប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង (MOEF) និងក្រសួងពាក់ព័ន្ធផ្សេងទៀតកាលពីសប្តាហ៍មុន។

កាសែត Korea Times បានចុះផ្សាយថា ការទូទាត់ប្រតិបត្តិការពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រាក់វ៉ុន ជាមួយដៃគូគឺជារឿងដ៏កម្រណាស់សម្រាប់ប្រទេសកូរ៉េខាងត្បូង។ ដូច្នេះ ផែនការខាងលើគឺជាវិធីសាស្ត្រទូទាត់ថ្មី ដែលបង្ហាញថា ប្រាក់វ៉ុនត្រូវបានចាត់ទុកជារូបិយប័ណ្ណដែលអាចទុកចិត្តបាន និងមានស្ថិរភាព។

នៅក្នុង​ចំណោម​បណ្តាប្រទេស​ សមាជិកអាស៊ាន​ទាំង​១០ ក្នុងនោះ ឥណ្ឌូនេស៊ី​ នឹងក្លាយជាប្រទេសដំបូង​គេ​ ដែល​ធ្វើប្រតិបត្តិការ​ពាណិជ្ជកម្ម​ ដោយ​ប្រើ​ប្រាស់ប្រាក់​វ៉ុន ​ជាមួយកូរ៉េខាងត្បូង។ រីឯ ប្រទេសហ្វីលីពីន និង​វៀតណាម​ អាច​ជា​សមាជិកបន្ទាប់។

នៅពេលដែលវិធីសាស្រ្តថ្មីនេះត្រូវបានអនុម័ត នោះក្រុមហ៊ុនកូរ៉េខាងត្បូងអាចផ្តល់ ឬទទួលបរិមាណប្រតិបត្តិការជាប្រាក់វ៉ុន ពីបណ្តាប្រទេសអាស៊ាន ដែលមានសហប្រតិបត្តិការជាមួយគ្នា តាមរយៈសាខាធនាគារនៅទីក្រុងសេអ៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here