ដោយ: គង់ លាងហួរ
ប៉េកាំង: ទីភ្នាក់ងារសារពត៌មាន Xinhua បានរាយការណ៍ថា ប្រទេសចិនគ្រោងនឹងរៀបចំ ដំណើរទៅក្រៅប្រទេស សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស មួយចំនួនធំនៅឆ្នាំ២០២៤នេះ។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗ ធ្វើឡើង ក្នុងគោលដៅ ស្វែងរកឱកាសបង្កើតកិច្ចព្រមព្រៀង និងពង្រីកទីផ្សារពាណិជ្ជកម្ម។
ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងរៀបចំឱ្យមានក្រុមសហគ្រាសជាង១.០០០ ធ្វើទស្សនកិច្ចនៅបរទេសក្នុងឆ្នាំនេះ ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍ ធ្វើការស្រាវជ្រាវទីផ្សារ និងពិភាក្សាអំពីពាណិជ្ជកម្ម។យោងតាមក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) ដំណើរទស្សនកិច្ចទៅកាន់បរទេសទាំងនេះ នឹងផ្តល់អាទិភាពដល់ដៃគូពាណិជ្ជកម្ម និងដៃគូសេដ្ឋកិច្ចធំៗ ដូចជាអឺរ៉ុប អាមេរិកខាងជើង ជប៉ុន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងអាមេរិកឡាទីន។
លោក Ren Hongbin ប្រធាន CCPIT បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិស្តីពី ការលើកកម្ពស់ពាណិជ្ជកម្មបរទេសថា ក្រុមប្រឹក្សានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ក្រុមហ៊ុនចិន ក្នុងការពង្រីកទីផ្សារ នៅក្រៅប្រទេសរបស់ពួកគេនៅឆ្នាំ២០២៤នេះ។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៤១,៧៦ទ្រីលានយ័ន (ប្រហែល៥,៨៨ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើង០,២ភាគរយធៀបនឹងឆ្នាំ២០២២ បើគិតជាប្រាក់យ័ន៕