ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ខេត្តព្រះសីហនុ បាននិងកំពុងត្រៀមបង្ហាញព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីមួយបន្ថែមទៀត នៅលើទីក្រុងកោះរ៉ុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនRoyal Group។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៨ មករាកន្លងមកថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុងលំដាប់4C តម្លៃ៣០០លានដុល្លារ វិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមដំណើរការបណ្តើរៗហើយ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ បាននឹងកំពុងឈូសឆាយពង្រាបដី។លោកបញ្ជាក់ថា “បច្ចុប្បន្ននេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង បាននិងកំពុងឈូសឆាយពង្រាបដី បន្ទាប់ពីក្រុមហ៊ុន បានដោះស្រាយបញ្ហាផលប៉ះពាល់សង្គម ជាមួយប្រជាជននៅតំបន់នោះ”។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។កាលពីពេលកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់ អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហន តម្លៃ៣០០លានដុល្លារនេះ ឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលព្រលានយន្តហោះនេះ នឹងត្រូវចំណាយពេលវេលាសាងសង់រយៈពេល៥ឆ្នាំ។
ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការសាងសងព្រលានយន្ដហោះនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ ហើយតាមសិក្សាស្រាវជ្រាវតំបន់ទេសចរណ៍ណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍន៍ខ្លាំង ជាងតំបន់ទេសចរណ៍ណា ដែលមិនមានអាកាសយានដ្ឋាន។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕