តើឥណ្ឌាមានសក្តានុពលធំៗបែបណាខ្លះ ទើបជម្រុញឲ្យប្រទេសនេះ មានកំនើនGDPលឿនបំផុតនៅលើពិភពលោក?

0

ដោយ: គង់ លាងហួរ

ក្រុងបុមបៃៈ ប្រទេសឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​រក្សា​បានតំណែងរបស់​ខ្លួន​ជា​ប្រទេស​​ ដែល​មានសេដ្ឋកិច្ចលូតលាស់លឿន​ជាងគេបំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤។ នេះ​បើ​យោងតាម​ការព្យាករណ៍របស់ក្រុមសេដ្ឋវិទូ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា កំពុងត្រូវបានជំរុញ ដោ​យសារកត្តាជាច្រើន ដែលរួមមានទាំង ការជំរុញការចំណា​យរបស់រដ្ឋាភិបាល និងកំណើននៃវិស័យសេវាកម្ម។

យោងតាមធនាគារពិភពលោកបានឱ្យដឹងថា “កំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់ប្រទេសឥណ្ឌាកាលពីឆ្នាំមុន បានគ្របដណ្តប់ជាង៣ភាគ៤ នៃកំណើនសេដ្ឋកិច្ចទាំងមូល របស់តំបន់អាស៊ីខាងត្បូង”។ស្ថាប័នខាងលើបន្តថា “ប្រទេសឥណ្ឌានឹងបន្តឈរនៅលំដាប់កំពូលរបស់ខ្លួន ដោយព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌានឹងកើនឡើង៦,៤%នៅឆ្នាំហិរញ្ញវត្ថុបន្ទាប់ បើធៀបនឹងការព្យាករណ៍កំណើន៦,៣ភាគរយសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន”។

ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានបន្ថែមថា កំណើនសេដ្ឋកិច្ចឥណ្ឌា នឹងត្រូវបានជំរុញដោយការវិនិយោគសាធារណៈ និងការកែលម្អតារាងតុល្យការសាជីវកម្ម។

ឆ្នាំហិរញ្ញវត្ថុបច្ចប្បន្ន បានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។ រីឯឆ្នាំហិរញ្ញវត្ថុបន្ទាប់នឹងចាប់ផ្តើមរាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ទោះជាយ៉ាងណាក្តី អត្រាអតិផរណានៅតែជាកង្វល់ សម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកមួយនេះ។ តួយ៉ាង សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសឥណ្ឌា បានហក់ឡើងដល់កម្រិតខ្ពស់ជាង៤,២៥ភាគរយនៅក្នុងឆ្នាំ២០២៣។

កត្តាហានិភ័យមួយទៀត ដែលអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច គឺការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីខែមេសា រហូតដល់ខែឧសភា ឆ្នាំ២០២៤នេះ។

ទោះជាយ៉ាងណាក្តី ការបោះឆ្នោតនៅតាមរដ្ឋនាពេលថ្មីៗនេះ បានបង្ហាញថា គណបក្ស Bharatiya Janata (BJP) របស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅតែមានប្រជាប្រិយភាពទូទាំងប្រទេស៕ប្រភព៖CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here