ប្រទេសម៉ាឡេស៊ី និងថៃគ្រោងសាងសង់ខ្សែរថភ្លើងតភ្ជាប់ចាប់ពីតំបន់ព្រំដែនរវាងប្រទេសទាំង២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី និងថៃកំពុងពិចារណាលើការតភ្ជាប់ផ្លូវដែករវាងទីក្រុង Sungai Kolok នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) និងឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍។

ទីភ្នាក់ងារផ្លូវដែកនៃប្រទេសទាំង២ កំពុងធ្វើការលើសំណើសុំតភ្ជាប់ខ្សែរថភ្លើង រវាងទីក្រុង Sungai Kolok ដែលជាទីក្រុងជាប់ព្រំដែនជាមួយម៉ាឡេស៊ី ស្ថិតក្នុងខេត្ត Narathiwat និងទីក្រុង Rantau Panjang របស់ប្រទេសម៉ាឡេស៊ី។

កាលពីពេលកន្លងមក នាយករដ្ឋមន្ត្រីថៃ គឺលោក សេដ្ឋា ថាវីស៊ីន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងទាំង២ ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

ទាក់ទិននឹងសំណើនេះ ក្រុមមន្ត្រី​ថៃ​បាន​លើកឡើងថា ការ​តភ្ជាប់​ខ្សែ​ផ្លូវដែករវាងប្រទេសថៃ​ និង​ម៉ាឡេស៊ី​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ឆ្លង​ព្រំដែន ទេសចរណ៍ និង​ការ​វិនិយោគ​រវាង​ប្រទេសទាំង​ពីរបន្ថែមទៀត។

បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី និងថៃ មានខ្សែរថភ្លើងតែមួយគត់ ដែលតភ្ជាប់រវាងគ្នា ចាប់ពីទីក្រុង Padang Besar ក្នុងស្រុក Sadao នៃខេត្ត Songkhla ទៅដល់ទីក្រុងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Padang Besar ដូចគ្នា។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងសាងសង់គម្រោងផ្លូវរថភ្លើង East Coast Rail Link ផងដែរ ដែលខ្សែរថភ្លើងថ្មីនេះ នឹងបញ្ចប់នៅត្រឹមទីក្រុង Kota Bharu ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Sungai Kolok របស់ប្រទេសថៃ។

គម្រោង​ផ្លូវរថភ្លើង East Coast Rail Link បាន​ឆ្លងកាត់​ឧបសគ្គជា​ច្រើន​ ដោយសារ​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ហើយ​បច្ចុប្បន្ន​ គម្រោងខ្នាតយក្សនេះត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ការសាង់សង់រួចរាល់ជាស្ថាពរនៅ​ត្រឹមឆ្នាំ២០២៧ខាងមុខ៕ប្រភព៖Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here