ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីសម្រេចបានទំហំទឹកប្រាក់ជាង២៤០ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីរដ្ឋបាលគយ នៃប្រទេសចិន បានបង្ហាញថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន សម្រេចបានទំហំទឹកប្រាក់២៤០,១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងប្រមាណ ២៦,៣ភាគរយបើធៀបនឹងឆ្នាំ២០២២។

ស្របពេលកំពុងជាប់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិច ដោយសារ ការបើកសង្រ្គាមឈ្លានពានទៅលើអ៊ុយក្រែន ទំហំពាណិ​ជ្ជកម្មរបស់រុស្ស៊ី ជាមួយប្រទេសចិន បានកើនឡើងយ៉ាងគំហុក។

តួយ៉ាងទីក្រុងមូស្គូ បានបង្កើនការនាំចូលទំនិញ ពីប្រទេសចិន ដូចជា ទូរស័ព្ទដៃ រថយន្ត និងសម្ភារផ្សេងៗទៀត ខណៈដែលទីក្រុងប៉េកាំង បាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងតម្លៃធូរថ្លៃ។កាលពីឆ្នាំ២០២៣ ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេ​សរុស្ស៊ី បានកើនឡើង៤៦,៩ភាគរយ​ បើធៀបនឹងឆ្នាំ២០២២ និងកើនឡើង៦៤,២ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចូលរបស់ប្រទេសចិនពីប្រទេសរុស្ស៊ី បានកើនឡើងដល់១៣ភាគរយ ក្នុងឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានលើកឡើងថា ចំនួន៥០%នៃការនាំចេញប្រេងសរុបរបស់រុស្ស៊ី គឺនាំទៅកាន់ប្រទេសចិន។ ជាក់ស្តែង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ប្រទេសចិន និងឥណ្ឌា បានសម្រុកបង្កើនការនាំចូលប្រេងពីរុស្ស៊ីយ៉ាងគំហុក ដោយសាររុស្ស៊ី បានលក់បញ្ចុះតម្លៃថោកៗ។ជាមួយគ្នានេះ លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានថ្លែង ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន RIA ថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យថាមពលជាមួយទីក្រុងមូស្គូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here