ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកសន សៀបបានបង្ហាញទស្សនវិស័យរបស់ខ្លួនថា វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងបន្តងើបឡើងយឺត។
លោកបានលើកឡើងកាលពីចុងសប្តាហ៍មុនថា ជុំវិញវិស័យសំណង់នេះ នៅក្នុងឆ្នាំ២០២៣កន្លងមក ការអភវិឌ្ឍលំនៅឋាន ដូចជា បុរី និងខុនដូ បានដំណើរការដោយស្ថានភាពលំបាក ជាពិសេសគម្រោងសាងសង់បុរី ព្រោះអ្នកទិញភាគច្រើន ជាអ្នកនៅក្នុងស្រុក។ចំណែកការលក់ដូរខុនដូ មានភាពប្រសើរជាងបន្តិច ព្រោះជនបរទេសអាចទិញ សម្រាប់ការស្នាក់នៅបាន ជាពិសេសនៅរាជធានីភ្នំពេញ ដែលបញ្ហានេះ ធ្វើឲ្យលំហូរចរន្តសាច់ប្រាក់ចូលកម្ពុជា តែនៅក្នុងកម្រិតទាប ខណៈការអភិវឌ្ឍលើវិស័យផ្សេងៗ ដែលបម្រើដល់ស្ថានភាពសេដ្ឋកិច្ច ក៏មានភាពប្រហាក់ប្រហែលគ្នា។លោកបានបន្តថា “វិស័យអចនទ្រព្យ គឺជាវិស័យមួយពឹងផ្អែកលើសេដ្ឋកិច្ចខាងក្រៅ និងសេដ្ឋកិច្ចខាងក្នុង ហើយអចលនទ្រព្យគឺវារត់តាមក្រោយនៃចរន្តសេដ្ឋកិច្ចទាំងអស់”។ លោកបន្តថា “ប្រសិនសេដ្ឋកិច្ចខាងក្រៅល្អ លំហូរបរទេសនឹងអាចហូរចូលមកកម្ពុជាបន្ថែម វិស័យនេះនឹងងើបឡើងប្រសើរ”។ ចំណែកសេដ្ឋកិច្ចខាងក្នុង ក៏ជាការរួមចំណែកយ៉ាងខ្លាំងផងដែរ ដើម្បីធ្វើឲ្យចន្តរសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចយើងកាន់តែល្អ។
ព្រមជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យ ជាពិសេសសំណង់ក្នុងឆ្នាំ ២០២៤នេះ អាចនៅមានភាពស្រពិចស្រពិល ប៉ុន្តែទោះយ៉ាងណាវិស័យនេះនឹងបន្តងើបឡើងយឺត ដោយសារការំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងស្រុក និងការហូរទុនវិនិយោគពីរទេស ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៃការបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តឲ្យកាន់តែស្អិតរមួត ក្នុងគោលដៅទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគទុនកាន់តែច្រើន ជាពិសេសការអភិវឌ្ឍវិស័យអចនទ្រព្យនេះ ជាដើម។រាជរដ្ឋាភិបាលបានព្យាករថា វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨,៥ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់ នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងទុកងើប ឡើងវិញយឺតនៃ រំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់តម្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេល ដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាបផងដែរ៕