ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខថាមពល បណ្តាប្រទេសដែលផលិតប្រេង នៅតំបន់អាស៊ាន កំពុងខិតខំប្រឹងប្រែងស្តារ ឧស្សាហកម្មថាមពលរបស់ពួកគេឡើងវិញ។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Fitch Solutions បានបង្ហាញឱ្យដឹងថា ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ កំពុងប្រកួតប្រជែងគ្នា ដើម្បីកៀរគរការវិនិយោគដើមទុន ពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។
ទី១: ប្រទេសម៉ាឡេស៊ី
លំហូរវិនិយោគពីបរទេស ចូលទៅក្នុងវិស័យប្រេង និងឧស្ម័នរបស់ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ៦១,៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៤៧% នៃការវិនិយោគសរុបរបស់ប្រទេសនេះ។
ការវិនិយោគពីបរទេសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ខណៈដែលក្រុមហ៊ុនប្រេងរដ្ឋPetronas គ្រោងប្រកាសកិច្ចសន្យា ចែករំលែកផលិតកម្មថ្មី (PSCs) សម្រាប់ប្លុកប្រេង និងឧស្ម័ន ដែលត្រូវបានផ្តល់ជូននៅក្នុងជុំដេញថ្លៃប្រេង កាលពីឆ្នាំ២០២៣។
លើសពីនេះ ក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា ក្រុមហ៊ុន Shell ក្រុមហ៊ុន TotalEnergies ក្រុមហ៊ុន Inpex Corp និងក្រុមហ៊ុន PTT Exploration and Production (PTTEP) របស់ប្រទេសថៃ កំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការវិនិយោគលើវិស័យថាមពលរបស់ប្រទេសម៉ាឡេស៊ី។
ទី២: ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ី ហាក់កំពុងនាំមុខគេ ក្នុងការប្រកួតប្រជែងទាក់ទាញទុនវិនិយោគសម្រាប់វិស័យប្រេង ខណៈទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេសសុទ្ធតែមានការប្តេជ្ញាចិត្ត។
ឥណ្ឌូនេស៊ី បានទាក់ទាញអ្នកវិនិយោគថ្មីៗ ដូចជា ក្រុមហ៊ុន Posco International ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង និងការប្តេជ្ញាចិត្តពីក្រុមហ៊ុន ដែលមានស្រាប់ផងដែរ។
ការវិនិយោគសរុបចូលក្នុង វិស័យប្រេងរបស់ប្រទេសនេះ បានកើនឡើង១០% ពី១២,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដល់១៤,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
ក្រុមហ៊ុនប្រេង Eni នៃប្រទេសអ៊ីតាលី ត្រូវបានគេរំពឹងថា នឹងក្លាយជាវិនិយោគិនដ៏ធំបំផុតមួយ នៅក្នុងវិស័យប្រេង និងឧស្ម័ន របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីក្រុមហ៊ុនបានទិញ យកគម្រោងឧស្ម័ន Bangka និង Ganal ពីក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ការវិនិយោគរបស់ក្រុមហ៊ុន Eni ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ដោយសារក្រុមហ៊ុនបានរកឃើញឧស្ម័នថ្មី នៅក្នុងប្លុក ដែលទិញពីក្រុមហ៊ុន Neptune Energy ក្នុងឆ្នាំមុន។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងប្រគល់ប្លុកបន្ថែមទៀត នៅក្នុងអាងថ្មីៗដែលមិនទាន់រុករក និងតំបន់ទឹកជ្រៅដល់ក្រុមហ៊ុននានា ដើម្បីទាក់ទាញការវិនិយោគសម្រាប់វិស័យរុករក និងផលិតឧស្ម័នរបស់ខ្លួន។
ទី៣: ប្រទេសវៀតណាម
វៀតណាមកំពុងខិតខំកែលម្អ ការប្រកួតប្រជែងក្នុងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ខ្លួន ដោយផ្តល់នូវការលើកទឹកចិត្តកាន់តែច្រើនសម្រាប់ក្រុមហ៊ុនប្រេង និងឧស្ម័ន ដើម្បីទាក់ទាញការវិនិយោគ។
នៅខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភាវៀតណាមបានអនុម័តវិសោធនកម្មច្បាប់ស្តីពី ប្រេងឥន្ធនៈ២០០៨។ វិសោធនកម្មទាំងនេះ រួមមាន ការកាត់បន្ថយអត្រាពន្ធសាជីវកម្មពី៣២% ទៅ២៥% ព្រមទាំង ការកាត់បន្ថយពន្ធនាំចេញ ប្រេងឆៅពាក់កណ្តាល មកត្រឹម៥% និងបង្កើនអត្រាស្រង់ថ្លៃដើមថ្លៃវិនិយោគ (Cost recovery) ពី៧០% ទៅ៨០% សម្រាប់ប្លុកដែលមានសិទ្ធិទទួលបាន ការលើកទឹកចិត្តពិសេសក្នុងការវិនិយោគ។
លើសពីនេះ រយៈពេលនៃកិច្ចសន្យាប្រេងឥន្ធនៈ ត្រូវបានពន្យារបន្តពី២៥ឆ្នាំ ទៅដល់៣០ឆ្នាំ ហើយគម្រោង ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តពិសេស ពីការវិនិយោគ អាចធានាបាននូវកិច្ចសន្យារហូតដល់៣៥ឆ្នាំ។
ទី៤: ប្រទេសថៃ
លំហូរវិនិយោគពីបរទេសចូលទៅក្នុងវិស័យប្រេង និងឧស្ម័នរបស់ប្រទេសថៃ នៅតែគ្មានអ្វីគួរឱ្យកត់សម្គាល់នៅឡើយ ដោយសារការធ្លាក់ចុះនៃទុនបម្រុង និងកង្វះនៃការរកឃើញតំបន់ប្រេង និងឧស្ម័នថ្មីៗ។
ប្រទេសថៃហាក់ចាញ់ប្រៀប បើធៀបនឹងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលឧស្សាហកម្មប្រេង និងឧស័្មនរបស់ប្រទេសទាំង២នេះ កំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ គេសង្កេតឃើញមានកិច្ចសន្យា ចែករំលែកផលិតកម្ម (PSCs) តែ២ប៉ុណ្ណោះ ដែលមានភាពសកម្មជាងគេ នៅក្នុងប្រទេសថៃ និងគ្រប់គ្រងដោយក្រុមហ៊ុនថៃ PTTEP៕ ប្រភព៖Bangkok Post៕