ដោយ: គង់ លាងហួរ
ស៊ីដនី: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន Country Garden បានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី ដែលនាំឱ្យក្រុមហ៊ុននេះ កាន់ខិតទៅជិតច្រកចេញពីទីផ្សារនៃប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Risland Australia ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Country Garden បានយល់ព្រមលក់ភាគហ៊ុនមួយផ្នែក នៅក្នុងគម្រោងអភិវឌ្ឍន៍ Wilton Greens ដែលមានផ្ទៃដីប្រហែល៣៣០ហិកតា ស្ថិតនៅចម្ងាយប្រហែល៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងស៊ីដនី។កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុននេះក៏បានលក់ ទីតាំងលំនៅដ្ឋាន Windermere ដែលមានទំហំ៣៦៦ហិកតា និងផ្ទះចំនួន៥ពាន់ខ្នងរបស់ខ្លួន នៅជាយក្រុងMelbourne ទៅឱ្យក្រុមហ៊ុន Frasers ក្នុងតម្លៃប្រហែល២៥០លានដុល្លារ។
លោក Guotao Hu នាយកប្រតិបត្តិក្រុមហ៊ុន Risland Australia បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា “ការលក់ភាគហ៊ុនមួយផ្នែកនេះអាចឱ្យ ក្រុមហ៊ុនRisland ស្តារផលប័ត្ររបស់ខ្លួន ឱ្យមានតុល្យភាពឡើងវិញ និងបន្តស្វែងរកឱកាសថ្មី ដើម្បីធ្វើប្រតិបត្តិការនៅក្នុងទីផ្សារអូស្ត្រាលី”។កាលពីដើមឡើយ គម្រោង Wilton Greens បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ដែលរួមមានផ្ទះចំនួន៣.៦០០ខ្នង ស្ថិតនៅជាយក្រុងស៊ីដនី ក្នុងតម្លៃទុនវិនិយោគ១,៣ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានពន្យារពេល ហើយគិតត្រឹមខែតុលា ឆ្នាំមុន ផ្ទះដែលត្រូវបានសាងសង់នៅក្នុងគម្រោង មានមិនដល់៥០ខ្នងផង។
ក្រុមហ៊ុន Country Garden ស្ថិតក្នុងចំណោមអ្នកអភិវឌ្ឍន៍ជាច្រើន ដែលកំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ គិតចាប់តាំងពីមានវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១មកម្ល៉េះ។
កាសែត South China Morning Post បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធRisland Australia បានលក់ភាគហ៊ុននេះ ទៅឱ្យក្រុមហ៊ុន Avantaus ក្នុងតម្លៃ១៥៧លានដុល្លារ។
ទាក់ទិននឹងរឿងនេះ ក្រុមហ៊ុន Risland មិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់សារពត៌មាន Reuters អំពីតម្លៃលក់ ឬអត្តសញ្ញា ណរបស់អ្នកទិញនោះទេ។ ចំណែកក្រុមហ៊ុន Avantaus ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕