ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ច្បាប់វិនិយោគថ្មីដែលរដ្ឋាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២១ បានកំណត់ឲ្យស្ថាប័នពាក់ព័ន្ធត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូន ដល់អ្នកដាក់ពាក្យស្នើសុំ គម្រោងវិនិយោគមិនឲ្យលើសពី២០ ថ្ងៃនៃថ្ងៃធ្វើការ។
មាត្រា១២ នៃច្បាប់វិនិយោគនេះបានកំណត់ថា “ប្រសិនបើគម្រោងវិនិយោគស្នើសុំមិនស្ថិត ក្នុងបញ្ជីអវិជ្ជមានដែលត្រូវកំណត់ដោយឡែកក្នុងអនុក្រឹត្យ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជី ជូនអ្នកដាក់ពាក្យស្នើសុំ ក្នុងអំឡុងពេលមិនលើសពី ២០ (ម្ភៃ)ថ្ងៃនៃថ្ងៃធ្វើការ។
វិញ្ញាបនបត្រចុះបញ្ជី មានភ្ជាប់នូវបារកូដដែលមានលេខសម្គាល់ ឬឃ្យូអរកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកទិន្នន័យបឋមមួយចំនួនពាក់ព័ន្ធ នឹងគម្រោងវិនិយោគដែលចុះបញ្ជី ដើម្បីជាប្រយោជន៍ ដល់ការចុះបញ្ជីពាក់ព័ន្ធនានា និងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។
ក្រោយគម្រោងស្នើសុំវិនិយោគ ទទួលបានវិញ្ញាបនបត្រចុះបញ្ជី អាចចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិ។ នេះបើតាមមាត្រា ១៣ នៃច្បាប់វិនិយោគថ្មី។
យ៉ាងណាម៉ិញ ទោះបីជាផុតរយៈពេល ២០ (ម្ភៃ) ថ្ងៃនៃថ្ងៃធ្វើការ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ច ត្រូវតែផ្ដល់ការយល់ព្រមការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ការយឺតយ៉ាវ ក្នុងការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ចដោយគ្មានមូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃការរាំងស្ទះ ដល់ដំណើរការអនុវត្តគម្រោងវិនិយោគនោះឡើយ។
កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រ ចុះបញ្ជីជូនអ្នកដាក់ពាក្យសុំគឺជាកាលបរិច្ឆេទ នៃការចាប់ផ្តើមអនុវត្តគម្រោង។ អនុលោមទៅតាមលក្ខខណ្ឌជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មការធិការវិនិយោគរាជធានី ខេត្ត មានសិទិ្ធពន្យារពេល ឬបដិសេធការចុះបញ្ជីដល់អ្នកដាក់ពាក្យសុំ ចំពោះគ្រប់សំណើសុំចុះបញ្ជីគម្រោងវិនិយោគ ដោយមានការជូនដំណឹង ដល់អ្នកដាក់ពាក្យសុំជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់ ក្រោមហេតុផលណាមួយដូចជា ទី១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគមិនអនុលោមតាមនីតិវិធីនៃការចុះបញ្ជី ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី២- អ្នកដាក់ពាក្យសុំមិនបានផ្តល់ ជូននូវព័ត៌មានគ្រប់គ្រាន់ ដែលតម្រូវដោយច្បាប់ឬអនុក្រឹត្យ។ ទី៣- គម្រោងដែលបានស្នើសុំមានវេទយិតភាពខ្ពស់ ដែលតម្រូវឱ្យមានការសុំយោបល់ សម្រេចជាមុនពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។
ការជូនដំណឹងអំពីការពន្យាពេល ការចុះបញ្ជីត្រូវបញ្ជាក់ឱ្យបានច្បាស់នូវចំណុចឬអំពីលក្ខខណ្ឌ និងអំពីថេរវេលាសម្រាប់អ្នកដាក់ពាក្យសុំត្រូវកែតម្រូវឬបំពេញ។
ការទទួលបានវិញ្ញាបនបត្រចុះបញ្ជី ក៏មិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគ រួចផុតពីការទទួលលិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបញ្ចិកានានា ដែលតម្រូវដោយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននោះដែរ។
ជាមួយគ្នានេះ ដើម្បីធានានូវអនុលោមភាពគតិយុត្ត និងលក្ខខណ្ឌនានា ដែលជាមូលហេតុនៃការទទួល បានវិញ្ញាបនបត្រចុះបញ្ជី រាល់គម្រោងវិនិយោគ ត្រូវជាកម្មវត្ថុនៃការតាមដានជាប្រចាំ។
អ្នកអនុវត្តន៍តម្រោងវិនិយោគ ត្រូវផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ទៅតាមកាលវិភាគជាក់លាក់។ ការផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ពុំមែនជាមូលដ្ឋាននៃការរួចផុតពីការពិនិត្យ អនុលោមភាពក្នុងការអនុវត្តគម្រោង នៅនឹងកន្លែងអនុវត្តគម្រោងទេ ប្រសិនបើក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសន្មតថា មានភាពចាំបាច់ ឬប្រសិនបើមានការតវ៉ាណាមួយ ពីបុគ្គលដែលអះអាងថាបានទទួលរងនូវផលប៉ះពាល់ ពីការអនុវត្តគម្រោងវិនិយោគ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មការធិការវិនិយោគរាជធានីខេត្ត មានកាតព្វកិច្ចចុះពិនិត្យ ការអនុវត្តគម្រោងវិនិយោគ ដើម្បីពិនិត្យអនុលោមភាពគតិយុត្ត និងការអនុវត្តកាតព្វកិច្ចនានា ដែលជាលក្ខខណ្ឌ នៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី។
ការចុះពិនិត្យការអនុវត្ត គម្រោងវិនិយោគជាក់ស្ដែង ត្រូវធ្វើឡើងជាទៀងទាត់ឬតាមការចាំបាច់ ដោយមានការជូនដំណឹងជាមុនទៅបុគ្គលពាក់ព័ន្ធ នឹងការអនុវត្តគម្រោងវិនិយោគ លើកលែងតែក្នុងករណីសង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធអាចចុះត្រួតពិនិត្យ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយ លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនវិនិយោគិនលើសំណើវិនិយោគ រដ្ឋាភិបាលក៏បានធ្វើប្រតិភូកម្ម ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគ រាជធានី ខេត្តក្នុងការផ្តល់សិទ្ធិអំណាច លើការសម្រេចអនុញ្ញាតិ គម្រោងវិនិយោគជាក់លាក់ណាមួយ ដែលត្រូវកំណត់តាមអនុក្រឹត្យដាច់ដោយឡែក។
ក្រៅពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត សំណើសុំចុះបញ្ជីគម្រោងវិនិយោគ ក៏អាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CAM DX)៕