កម្ពុជា និងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រែក្លាយតំបន់នេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វេទិកាទេសចរណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ឆ្នាំ២០២៤ បានបើកចាប់ផ្តើមជាផ្លូវការ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែមករា។

វេទិកាដ៏មានសារៈសំខាន់មួយនេះ មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អផលិតផលទេសចរណ៍ របស់តំបន់អាស៊ានបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានកាន់​តែច្រើន។

ក្នុងវេទិកានេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រីឡាវ Kikeo Khaikhamphithoun លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍មកពីបណ្តាប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ប្រចាំប្រទេ​សឡាវ និងដៃគូសន្ទនា។

ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaikhamphithoun បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស រឹងមាំ បរិយាប័ន្ន និងនិរន្តរភាព។

លោកបានគូសបញ្ជាក់ថា “ការជំរុញវិស័យទេសចរណ៍អាស៊ាន ស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនទូទាំងតំបន់អាស៊ាន”។

លោកបានបន្ថែមថា ប្រទេសឡាវ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូសន្ទនានានា ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍ ប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកកាន់ប្លុកនេះ។

ទន្ទឹមនឹងនោះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ លើសារៈសំខាន់របស់អាស៊ាន ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍របស់ខ្លួន។

លោក កៅ គឹមហួន បានបន្ថែមថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព មានសារៈសំខាន់ណាស់ ក្នុងការថែរក្សាបរិស្ថាន វប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានទទួលជួបជាមួយលោក កៅ គឹមហួន ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការអាស៊ាន បានយល់ស្របលើយន្តការ និងចក្ខុវិស័យរួម សម្រាប់បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ក្រោយឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនមួយ ប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ានទាំងមូល។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ កំពុងប្រព្រឹត្តទៅ ស្របពេលដែលវិស័យទេសចរណ៍ នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងស្ទុះងើបឡើងវិញជាបណ្តើរៗ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។

វេទិកានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុត ដែលរៀបចំឡើងក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់តំបន់អាស៊ាន ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅទូទាំងពិភពលោក៕ប្រភព៖Vietnam Plus៕

LEAVE A REPLY

Please enter your comment!
Please enter your name here