ប្រព័ន្ធធនាគារកម្ពុជាបន្តមានស្ថិរភាពរឹងមាំ ទោះមានការដួលរលំធនាគារមួយចំនួននៅក្រៅប្រទេសក៏ដោយ

0

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ខណៈអត្រាការប្រាក់ឥណទាននៅកម្ពុជា រក្សាបានស្ថិរភាពល្អ ក្នុងស្ថានភាពនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។

លោកស្រីបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងការ បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤ នេះថា នាឆ្នាំ២០២៣ កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើង សេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹង នៃភូមិសាស្ត្រនយោបាយដែលរួមមាន៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប។

 ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី។ សង្គ្រាមពិតជាបង្កនូវសោដនាដ កម្មដ៏ធ្ងន់ធ្ងរ ដល់ប្រជាជន សង្គម និងសេដ្ឋកិច្ច។លោកស្រីបណ្ឌិតបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ កម្ពុជាពិតជាមានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជាបន្តមាន ស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា នៅសហរដ្ឋអាមេរិក និង ស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។

ទន្ទឹមនេះ អត្រាការប្រាក់ឥណទាននៅកម្ពុជា ក៏រក្សាបានស្ថិរភាពល្អ បើទោះជាបានកើនឡើងបន្តិចបន្តួច ចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើងនៅបណ្តាប្រទេសនានា ដោយសារការដំឡើងអត្រាការប្រាក់ គោលរបស់ធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ចម្បងៗ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។លោកស្រីបណ្ឌិតជា សិរី បានវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែក ក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាពអត្រាការប្រាក់ឥណទាន ក្នុងនោះស្ថានភាពការរៀបចំ ឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានថយចុះមកត្រឹម៤,៨% ដែលជាអត្រាទាបបំផុត​ ក្នុងរយៈពេលជាង២ទស​វត្សរ៍ចុងក្រោយ។

ទោះយ៉ាងណា កំណើនឥណទាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្មដូចជា វិស័យកម្មន្តសាល និងកសិកម្ម ដែលនៅតែមានកំណើនពីរខ្ទង់។ ទន្ទឹមនេះឥណទានមិន ដំណើរការក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់ លើការត្រួតពិនិត្យធនាគារ ការធ្វើ Stress Test ជាប់ជាប្រចាំ ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅ លើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

គិតត្រឹមឆមាសទី១ ឆ្នាំ​២០២៣ កម្ពុជាមានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន៥៩ និងធនាគារឯកទេសចំនួន៩ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here