ដោយ វុត្ថា
ភ្នំពេញ៖ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្តល់អាទិភាពមិនចំាបាច់រង់ចាំតាមជួរ លំដាប់លំដោយ និងសម្រួលឲ្យបានជាអតិបរមាលើការបំពេញបែបបទគយនាំចេញអង្ករ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានសម្រេចលើកលែងកាតព្វកិច្ច បង់កម្រៃបែបបទគយផងដែរ (ដូចមានក្នុងសេចក្តីណែនាំលេខ៥១៦ អគរ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ )។
សម្រាប់ការនាំចេញផលិតផលកសិកម្មផ្សេងទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្រួលឲ្យអ្នក នាំចេញ ឬតំណាងធ្វើការស្នើសុំជាលាយល័ក្ខណ៍អក្សរ រដ្ឋបាលគយ អាចអនុញ្ញាតធ្វើការបំពេញ បែបបទបញ្ចេញទំនិញពីគយនៅកន្លែងផ្សេង ពីការិយាល័យគយ ដែលបានកំណត់ដូចជា ទីកន្លែងដែលផលិត ឬ កែច្នៃទំនិញ ដើម្បីនាំចេញ។ល។
ដូចមានចែងក្នុងប្រកាសលេខ១០៧សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ដីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញ នាំចេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ១១១ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាតឲ្យបំពេញទម្រង់ការគយ នៅក្រៅការិយាល័យគយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុង នីតិវិធីប្រតិវេទន៍គយ៕