ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំពិធីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំឯកសារស្នើសុំដាក់បញ្ចូល “សង្ក្រាន្តនៅកម្ពុជា” ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បន្ទាប់ពីក្រម៉ា និង អាពាហ៍ពិពាហ៍ខ្មែរ ដែលយើងបាននិងកំពុងអនុវត្តនីតិវិធីស្នើសុំបញ្ចូល។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបង្ហោះខ្លឹមសារខាងលើភ្ជាប់ជាមួយវីដេអូពន្យល់ទៅប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១ មេសានេះ។
អញ្ជើញចូលរួមកម្មវិធីមួយនៅក្រុងពោធិសាត់ កាលពីថ្ងៃទី៣១ មិនា នាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្ដែងក្ដីព្រួយបារម្ភ អំពីការដែលប្រទេសថៃបានចុះបញ្ជីសង្ក្រាននៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្ដេចបញ្ជាក់ថា “ការណ៍នេះមិនមានផលប៉ះពាល់អ្វី ដល់កម្ពុជានោះទេ ពីព្រោះកម្ពុជាបាននិងកំពុងធ្វើការ ជាប់រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងការដាក់ស្នើបញ្ចូលបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ដែលជាសម្បត្តិវប្បធម៌របស់ជាតិកម្ពុជា ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោក”។
នាឱកាសនោះផងដែរ សម្តេចធិបតីក៏បានអំពាវនាវកុំឱ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ភ័យព្រួយបារម្ភ ដោយសារយើងទាំងអស់គ្នាបាន និងកំពុងខិតខំបន្តថែរក្សាកេរ្តិ៍ដំណែល ដូនតារបស់យើង និងខិតខំពូនជ្រុំផ្សព្វផ្សាយ វប្បធម៌ជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត៕