ជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានបញ្ចប់ជាមួយបរិយាកាសរីករាយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) បានរៀបកម្មពិធី Appreciation Awards និង Gala Dinner 2024 នៅភោជនីយដ្ឋានទន្លេបាសាក់២។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម និងភ្ញៀវកិត្ដិយសសរុបប្រមាណ៣០០នាក់ មកក្រុមហ៊ុនប្រមាណ១៦០ ក្នុងវិស័យទិញ-លក់អចលនទ្រព្យនៅកម្ពុជា។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធី ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាប្រធានសមាគមCVEAលោកពិតជាមានកិត្តិយសណាស់ ក្នុងការស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកកាន់កម្មវិធី Appreciation Awards និង Gala Dinner នៅថ្ងៃនេះ។

លោកបន្តថា “ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសមាជិករបស់យើងទាំងអស់ ដែលបានបរិច្ចាគពេលវេលា និងធនធា​នដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការពិត”។ លោកបន្ថែមថា “ការប្ដេជ្ញាចិត្តរបស់លោក លោកស្រីចំពោះ CVEA និងឆន្ទៈក្នុងការឈានទៅមុខ គឺពិតជាគួរឱ្យសរសើរណាស់ និងប្រាកដជាធ្វើឲ្យសមាគមរបស់យើងបន្តរីកចម្រើនទៅមុខ”។

លោកក៏បានថ្លែងអំណរគុណជាពិសេស ដល់ក្រុមរៀបចំកម្មវិធីដ៏អស្ចារ្យរបស់យើង ដែលដឹកនាំដោយលោកស្រី តាំង ហួរអនុប្រធានសមាគម។  ការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការយកចិត្តទុក​ដាក់របស់អ្នកទាំងអស់គ្នា គឺជាសក្ខីភាពបញ្ជាក់ពីឧត្តមភាព។

ប្រធានសមាគមរូបនេះថ្លែងបន្ដថា ការជ្រើសរើសរៀបចំកម្មវិធី Appreciation Awards និង Gala Dinner ក្នុងអំឡុងពេលដ៏លំបាកបែបនេះ គឺដើម្បីបង្ហាញពីការដឹងគុណ ចំពោះសមាជិកទាំងអស់របស់សមាគម។  ក្នុងគ្រាមិនប្រាកដប្រជា និងការលំបាក វាជារឿងសំខាន់ជាងពេលណាទាំងអស់ ក្នុងការរួបរួមគ្នាជាសហគមន៍ គាំទ្រគ្នាទៅវិញទៅមក និងអបអរសាទរ ចំពោះជោគជ័យរបស់យើង មិនថាធំឬតូចក៏ដោយ។

លោកបញ្ជាក់ថា “ភាពធន់ កម្លាំងចិត្ត និងការលះបង់របស់លោកលោកស្រី គឺជាការបំផុសគំនិតដល់យើងទាំងអស់គ្នា ហើយដោយ​សារតែសាមគ្គីភាព និងមិត្តភាព ដែលធ្វើអោយយើងអាចជម្នះរាល់ឧបសគ្គដែលកើតមាន”។

ជាមួយគ្នានេះ លោកស្រី តាំង ហួរ អនុប្រធានសមាគម  និងជាអ្នករៀបចំកម្មវិធីខាងលើបានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលសមាគម CVEA បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជូនដល់សមាជិកដ៏ធំបែបនេះ ហើយពានរង្វាន់នេះ គឺផ្ដល់ជូនក្រុមហ៊ុនដែលជាសមាជិកទាំងអស់ ដែលមានសរុបប្រមាណ១៦០ ក្រុមហ៊ុន​។

លោកស្រីបន្ដថា “នេះក៏ជាលើកដំបូងផងដែរ ដែលសមាគមបានរៀបពិធីជួបជុំគ្នាដ៏អធិកអធមបែបនេះ ក្រោយខកខានរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីវិបត្ដិកូវីដ១៩មក”។ លោកស្រីបន្តថា “ក្រៅពីការផ្ដល់ពានរង្វាន់ កម្មវិធីនេះធ្វើឡើង គឺដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់​តែស្អិតរមួតថែមទៀត ដល់សមាជិកទាំងអស់នៅក្នុងសមាគម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here