ដោយៈ ជេស៊ីកា
សៀមរាបៈ រថយន្តសេរីចាស់Jeep ដែលនៅសេសសល់ពីសម័យសង្គ្រាម សល់តាំងពីប្រមាណ៧០ ទៅ៨០ឆ្នាំមុន ត្រូវបានប្រតិបត្តិករ ទេសចរណ៍មួយចំនួនប្រមូលបំណែក ទ្រង់ទ្រាយមកផ្គុំ រៀបចំជួសជុលឱ្យដំណើរការឡើងវិញ សម្រាប់បម្រើសេវាកម្មដឹកភ្ញៀវទេសចរ ដើរលេងកម្សាន្តនៅតំបន់អង្គរ។
ការកម្សាន្តអារម្មណ៍តាមរយៈការជិះរថយន្ត Jeep បុរាណ នៅតំបន់អង្គរនេះ មិនត្រឹមតែផ្តល់ភាពរីករាយ ស្រស់ស្រាយបែបផ្សងព្រេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួម ដល់ដំណើរការសេដ្ឋកិច្ចសហគមន៍ផងដែរ ព្រោះវាបានជួយឱ្យប្រជាសហគមន៍មានការងារធ្វើ និងអាចប្រកបរបរចិញ្ចឹមជីវិតបាន។
ក្នុងសម្លៀកបំពាក់រ៉ូបពណ៌សលម្អ ដោយរូបផ្កាផ្សេងៗ អ្នកស្រី លឹម កញ្ញា អ្នកគ្រប់គ្រងផ្នែកលក់នៃ Cambodiajeep.com ដែលបានបើករថយន្តដឹកអ្នកសារព័ត៌មាន ទៅទស្សនាភូមិព្រះដាក់ កាលពីពេលថ្មីៗនេះ បាននិយាយថា Cambodiajeep.com បានដំណើរការដឹកភ្ញៀវទេសចរដំបូងនៅ ឆ្នាំ២០១១ ផ្តើមចេញពីរថយន្ត Jeep មួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែដោយសារមានភាពទាក់ទាញ និងមានការគាំទ្រពីភ្ញៀវក្នុងរយៈពេលជិត១០ឆ្នាំ ក្រុមហ៊ុនបានបង្កើនរថយន្តរហូតដល់ ១៤គ្រឿង។រថយន្តទាំងនោះ បានមកពីការសន្សំប្រមូលទ្រង់ទ្រាយ ពីតាមបណ្តាខេត្តផ្សេងៗរួមទាំងពីប្រទេសជិតខាងផង។អ្នកស្រីបានបង្ហើបឲ្យដឹងថា ឡានហ្នឹងដែរគឺយើងប្រមូលតាំងពីខេត្តកំពត ខេត្តតាកែវ និយាយទៅយកពីកន្លែងណា ដែលគេសល់ពីសង្គ្រាមគេមានហើយ គេដាក់ចោល អ្នកខ្លះដាក់បង្គន់ពីលើដាំផ្កា ដាំជី ដាំខ្ទឹមយើងប្រមូលទាំងអស់។
អ្នកស្រីលឹម កញ្ញាបានឲ្យដឹងថា តាមរយៈដំណើរកម្សាន្ត ដោយជិះរថយន្ត Jeep នេះ ជាចំណែកមួយក្នុងការជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចធ្វើការងារ ឬលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗ ក៏ដូចជាម្ហូបអាហារដ៏សម្បូរបែប ឆ្លើយតបតម្រូវការទេសចរ។ រីឯភ្ញៀវទេសចរវិញអាចទៅទស្សនាភូមិព្រះដាក់ ដែលជាភូមិមួយរក្សាបានភាពស្រស់ស្អាត អនាម័យនិងបរិស្ថានល្អ ព្រមទាំងជាភូមិរក្សាបាននូវវប្បធម៌ អរិយធម៌និងការរស់នៅតាមបែបបុរាណ។
ក្រៅពីនេះភ្ញៀវទេសចរ ក៏អាចទស្សនាតាមផ្លូវវង់តូច និងវង់ធំនៃតំបន់អង្គរ និងផ្លូវ off road ផ្សេងៗជាច្រើនទៀតផងដែរ។ ជាពិសេសសេវាដឹកជញ្ជូនដោយរថយន្ត Jeep នេះ ក៏អាចធ្វើដំណើរទូទាំងប្រទេស និងអាស៊ានទៀតផង។
អ្នកស្រីថ្លែងថា “ខ្ញុំចង់ឱ្យភ្ញៀវទៅមើលពើងគំនូរ ខ្ញុំអត់ដឹងថា អ្នកខ្លះគាត់បានមើលប៉ុន្មានទេ អារូបពើងគំនូរហ្នឹងសុទ្ធតែរូបដែលប្លែក ខ្ញុំទៅឃើញស្អាត ទៅម្តងហើយចង់ទៅទៀត ព្រោះវាប្លែក វានៅផ្លូវទៅភ្នំគូលែន”។ អ្នកស្រីបន្ថែមថា “ប៉ុន្តែមិនមែន rout ភ្នំគូលែនទេ លក្ខណៈថា យើងជិះចូលតាមក្នុងព្រៃឫស្សីផងអីផង កាច់ចុះកាច់ឡើងវាមានកន្លែងប្លែកច្រើន”។
បុរសវ័យប្រមាណ៥០ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ខេត្តសៀមរាប លោក យល់ សា បានឱ្យដឹងថា ប្រជាសហគមន៍ដែលស្ថិតក្នុងភូមិព្រះដាក់ អាចរកចំណូលបានពីការលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលធ្វើឡើងដោយដៃ ព្រមទាំងម្ហូបអាហារជាច្រើនមុខនៅតាមផ្លូវក្នុងភូមិ។ មិនតែប៉ុណ្ណោះ ការមកដល់នៃភ្ញៀវទេសចរដែលជិះតាមរថយន្ត Jeep បានជួយឱ្យប្រជាសហគមន៍ រកប្រាក់ចំណូលបាន ពីការងារប្រចាំថ្ងៃរបស់ខ្លួន កាន់តែងាយស្រួលថែមទៀតតាមរយៈការលក់ជាកញ្ចប់ជាមួយដំណើរកម្សាន្តរថយន្ត Jeep។
លោកបាននិយាយថា “យើងលក់ជាកញ្ចប់ ឧទាហរណ៍ថា ពលរដ្ឋគាត់ចេះធ្វើនំគ្រក់ ហើយក្នុងម៉ៃ្ងគាត់លក់បានច្រើនបំផុតប៉ុន្មាន យើងម៉ៅឱ្យគាត់ប៉ុណ្ណឹងតែម្តង គាត់អត់ពិបាកចំណាយពេលលក់ទេ ហើយប្រសិនបើគាត់ចាក់នំអត់អស់ អាចយកទៅវិញចាក់លក់បន្តបានចំណេញថែមទៀត”។ថត CCJ
អ្នកមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះបានឱ្យដឹងទៀតថា តាមរយៈដំណើរកម្សាន្តជាមួយរថយន្ត Jeep មានការរៀបចំទីតាំងដីភូមិមួយកន្លែងស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ដើម្បីជាកន្លែងប្រមូលផ្តុំនូវសមិទ្ធផលម្ហូបអាហារខ្មែរ សម្រាប់ភ្ញៀវភ្លក្សទទួលទាន ដោយផ្ទាល់ក៏ដូចជាបង្ហាញពីការធ្វើវត្ថុអនុស្សាវរីយ៍ ដោយដៃមួយចំនួនផងដែរ។
លោកថ្លែងថា “យើងមាននំបង្កប់ស្ករ ឬគេហៅថានំផ្លែអាយ ដូចជា មានការចាក់ស្មុគធ្វើរូបចាប តាមលក្ខណៈប្រពៃណីបរមបុរាណ ដែលយើងធ្វើពីធាងត្នោតព្រហ្មចារី ហើយក្រៅពីនេះយើងមានការបង្ហាញពីការធ្វើនំក្រឡានផងដែរ”។
បើតាមលោក យល់ សា ក្រៅពីមានកន្លែងបង្ហាញពីមុខរបរការងាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ហើយ ភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅតាមទីតាំងជាក់ស្តែង ដើម្បីមើលការផលិតផ្ទាល់ភ្នែកតែម្តង។ រីឯប្រជាពលរដ្ឋក្នុងសហគមន៍ សូម្បីមានតែរទេះគោ រទេះក្របី ក៏អាចរកចំណូលពីភ្ញៀវទេសចរបានដែរ គឺបរទេះដឹកភ្ញៀវទេសចរកម្សាន្តតាមភូមិ។
ចំណែកអ្នកស្រី លី អាគីម អាយុ៤៨ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន adventurescambodia.com បានលើកឡើងថា ភ្ញៀវទេសចរដែលបានប្រើប្រាស់ កញ្ចប់សេវាកម្មដឹកភ្ញៀវទេសចរកម្សាន្ត ដោយរថយ ន្ តJeep បានបង្ហាញអារម្មណ៍ពេញចិត្ត និងសប្បាយរីករាយ ជាពិសេសគឺភ្ញៀវអន្តរជាតិ មានការកក់កញ្ចប់ទេសចរណ៍បន្ថែមរហូត។
អ្នកស្រីបន្តថា “ការពេញចិត្តពីសំណាក់ភ្ញៀវទេសចរ ដោយសារ adventurescambodia មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាភ្ញៀវ ហេតុនេះភ្ញៀវមិនដែលសាញនឹងតម្លៃឡើយ”។ អ្នកស្រីបន្ថែមថា “សេវារបស់យើងមានតៃកុងមានកញ្ចប់ មានម្ហូប រៀបចំឱ្យគាត់ហើយស្រេចហើយ អ៊ីចឹងកន្លែងដែលយើងនាំគាត់ទៅ សុទ្ធតែកន្លែង ដែលយើងគិតថា វាល្អ អ៊ីចឹងពេលដែលដើរហើយគាត់ថា គឺកញ្ចប់ tour ហ្នឹងល្អខ្លាំង អ៊ីចឹងពេលដែលដើរ ហើយគាត់ប្រាប់ទៅមិត្តភក្តិបងប្អូន”។
អ្នកស្រីលី អាគីមបានប្រាប់ថា ភ្ញៀវទេសចរដែលចូលចិត្តប្រើប្រាស់កញ្ចប់សេវាកម្មទេសចរណ៍ តាមរថយន្ត Jeep នេះប្រហែល៩០ ភាគរយគឺជាជនបរទេស ដែលមកពីអឺរ៉ុប គឺអូស្ត្រាលី អាមេរិក កាណាដា និងបារាំងជាដើម។ ក្រៅពីនោះនៅប៉ែកអាស៊ី មានប្រមាណ ១០ភាគរយបូករួមទាំងកម្ពុជាផង។
រីឯស្ត្រីវ័យជិត ៥០ ឆ្នាំ អ្នកស្រី ណឹម ណារិន ជាអ្នកលក់ផ្កាសម្បុកដង្កូវនាង នៅក្នុងភូមិព្រះដាក់ បានលើកឡើងថា ការនាំភ្ញៀវទេសចរចូលមកមើលកម្សាន្ត នៅក្នុងភូមិព្រះដាក់ គឺជាការផ្តល់កម្លាំងចិត្តមួយផ្នែក សម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរលក់ដូរវត្ថុអនុស្សាវរីយ៍ ព្រោះនោះជាឱកាសបង្ហាញភ្ញៀវទេសចរណ៍ ឱ្យបានឃើញ បានដឹងថាមានអ្វីខ្លះជាភាពទាក់ទាញ។
អ្នកស្រីបាននិយាយថា “ភ្ញៀវគាត់ចូលមក គាត់ឱ្យតម្លៃ និងសរសើរថា ភូមិនេះគឺជាភូមិវប្បធម៌មួយ ដែលរក្សារបស់ខ្មែរយើងបាន ដូចជា ការធ្វើរបស់ប្រើប្រាស់ពីឫស្សី ពីត្នោត និងរពាក់ ហើយជាពិសេសមានតែកន្លែងខ្ញុំទេ បានច្នៃសំពត់ដង្កូវនាង”។អ្នកស្រីបន្តថា “ខ្ញុំចិញ្ចឹមនៅទីនេះផ្ទាល់ វាស៊ីស្លឹកមនតែ១មុខគត់ ដូច្នេះខ្ញុំច្នៃជាផ្កាដែលទុកលម្អក្នុងផ្ទះជារបស់កម្រ ហើយជារបស់នាំលាភសំណាង”។
លោក លី ហុង អាយុ ២៨ ឆ្នាំ ជាអ្នកបើកបររថយន្ត Jeep បាននិយាយថា ការបើករថយន្ត Jeep ដឹកភ្ញៀវកម្សាន្តនៅតំបន់អង្គរជួយឱ្យលោក អាចរកចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្នុងមួយថ្ងៃលោកអាចរកប្រាក់បាន១៦ដុល្លារ ពីការបើកបររថយន្តនិងម៉ូតូវេស្ប៉ា ដឹកភ្ញៀវកម្សាន្តតំបន់អង្គរ។
លោកប្រាប់ថា “ខ្ញុំធ្វើជាបុគ្គលិកបើកឡាន Jeep ហ្នឹងផង ហើយនិងខាងម៉ូតូវ៉េស្បាផង ហើយមានកង់ជួលផង”។លោកបន្តថា “ចំណូលពីការងារប្រចាំថ្ងៃរបស់ខ្ញុំ ប្រសិនបើបើកឡានអាហ្នឹងគេគិតជើង ១ ជើងក្នុងកម្រៃ១០ដុល្លារ ហើយបើថា ម៉ូតូវិញគឺ១ជើង៦ដុល្លារ អាហ្នឹងយើងអត់ស៊ីប្រាក់ខែ”៕