ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ S&P Global Ratings ព្យាករថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក(ដោយមិនរាប់បញ្ចូលប្រទេសចិន និងជប៉ុន)នឹងកើនឡើង៥,១% នៅឆ្នាំនេះ ដោយសារការងើបឡើងវិញ នៃពាណិជ្ជកម្មខាងក្រៅ និងការថយចុះនៃអតិផរណា។
ទីភ្នាក់ងារនេះបានវាយតម្លៃថា តម្រូវការនាំចេញ នឹងកើនឡើងបន្តិចនៅក្នុងឆ្នាំ២០២៤នេះ ដោយវិស័យអេឡិចត្រូនិក នឹងនាំមុខគេ ខណៈដែលការរឹតបន្តឹងអត្រាការប្រាក់ នឹងបន្តជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
ទីភ្នាក់ងារ S&P Global Ratings បានគូសបញ្ជាក់ក្នុងរបាយការណ៍ស្តីពី ទស្សនវិស័យសេដ្ឋកិច្ច របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំត្រីមាសទី២ ថា “យើងមិនរំពឹងថា ការនាំចេញនឹងស្ទុះងើបឡើងវិញយ៉ាងគំហុកនោះទេ ដោយសារការនាំចេញ បានកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះនៅដើមឆ្នាំនេះ និងតម្រូវការសកលនៅមានកម្រិតតិចតួចនៅឡើយ”។
នៅក្នុងចំណោមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន ទីភ្នាក់ងារ S&P បានព្យាករថា ការនាំចេញនៅក្នុងបណ្តាប្រទេសដែលពឹងផ្អែកទៅលើពាណិជ្ជកម្មដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី នឹងកើនឡើង នៅឆ្នាំនេះ។ចំណែកឯ បណ្តាប្រទេសដែលមានសេដ្ឋកិច្ច ទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ី (EM) ជាទូទៅ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលនាំមុខដោយប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។
ទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារ S&P បានបន្ទាបការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចសិង្ហបុរីចំនួន០,៤% មកត្រឹម២,២% កំនើនសេដ្ឋកិច្ចថៃ ត្រូវបានបន្ទាបចំនួន០,៣% មកត្រឹម២,៩% កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ត្រូវបានបន្ទាបចំនួន០,២% មកត្រឹម៤,៣% និងកំណើនសេដ្ឋកិច្ចវៀតណាម ត្រូវបានបន្ទាបចំនួន០,២% មកត្រឹម៦,១%។
ចំណែក ការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ច របស់ទីក្រុងហុងកុង និងប្រទេសជប៉ុន ត្រូវបានបន្ទាបចំនួន០,១ភាគរយ មកនៅត្រឹម២,៥ភាគរយ និង០,៨ភាគរយ រៀងៗគ្នា។ ចំពោះទីផ្សាររូបិយប័ណ្ណ ទីភ្នាក់ងារ S&P រំពឹងថា រូបិយប័ណ្ណរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងងើបឡើងថ្លៃបន្តិចបន្តួចនៅឆ្នាំនេះ៕