ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុន Central Japan Railway Co. បានប្រកាសលុបចោលផែនការដើមដំបូងរបស់ខ្លួន ក្នុងការបើកដំណើរការរថភ្លើងល្បឿនលឿន maglev រវាងទីក្រុងតូក្យូ និងទីក្រុងណាហ្គោយ៉ា នៅឆ្នាំ២០២៧ ដោយបានពន្យារពេលបើកដំណើរការ រហូតដល់ឆ្នាំ២០៣៤ ឬអាចយឺតជាងនេះទៀត។
លោក Shunsuke Niwa ប្រធានក្រុមហ៊ុនខាងលើ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាការនៅក្រសួងដឹកជញ្ជូនថា “ខណៈពេលដែលយើងមិនទាន់អាចកំណត់ កាលបរិច្ឆេទបើកដំណើរការថ្មីបានច្បាស់លាស់នៅឡើយ យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីឆ្ពោះទៅបើកដំណើរការ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ថ្នាក់ដឹកនាំប្រតិបត្តិជាន់ខ្ពស់មួយរូបទៀត បានលើកឡើងនៅក្នុងកិច្ចប្រជុំដដែលនោះថា “គម្រោងនេះ អាចបើកដំណើរការនៅឆ្នាំ២០៣៤ ឬយឺតជាងនេះទៀត ខណៈក្រុមហ៊ុនត្រូវការរយៈពេល១០ឆ្នាំទើបអាចសាងសង់បញ្ចប់រួចរាល់”។
គម្រោងរថភ្លើងល្បឿនលឿន Linear Chuo Shinkansen មានបំណងតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា ជាមួយនឹងរថភ្លើង ដែលអាចធ្វើដំណើរ ក្នុងល្បឿន៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប៉ុន្តែការសាងសង់កំណាត់ខ្សែរថភ្លើង តភ្ជាប់រវាងរដ្ឋធានីតូក្យូ និងទីក្រុង Nagoya មុននឹងឈានទៅដល់ទីក្រុងអូសាកា បានជាប់គាំង ដោយសារតែការជំទាស់ពីរដ្ឋបាលខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន។
លោក Heita Kawakatsu អភិបាលខេត្ត Shizuoka បានលើកឡើងពីក្តីព្រួយបារម្ភ អំពីផលប៉ះពាល់បរិស្ថាន ខណៈចំនួន៨៦ភាគរយ នៃកំណាត់ផ្លូវដែកប្រវែង២៨៦គីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុងតូក្យូ និងទីក្រុងណាហ្គោយ៉ា គ្រោងនឹងសាងសង់ជាប្រភេទផ្លូវក្រោមដី។
ជាមួយគ្នានេះ ការសាងសង់ផ្លូវរូងក្រោមដី ប្រវែង៨,៩គីឡូម៉ែត្រឆ្លងកាត់ខេត្ត Shizuoka មិនទាន់ចាប់ផ្តើមនៅឡើយទេ។
ទោះជាយ៉ាងណាក្តី គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងតូក្យូ និងទីក្រុងណាហ្គោយ៉ា មកនៅត្រឹម៤០នាទី និងកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងរដ្ឋធានីតូក្យូ និងទីក្រុងអូសាកាមកនៅត្រឹមតែ៦៧នាទីប៉ុណ្ណោះ៕