ដោយៈ គង់ សូរិយា
សៀមរាបៈ របាយការណ៍បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់ពីចំនួន៨ប្រទេស។
ក្នុងចំណោមអាកាសយានដ្ឋានមកពីប្រទេសចំនួន៨ មានប្រទេសចំនួន៦ក្នុងតំបន់អាស៊ាន បូករួមចិន និងកូរ៉េខាងត្បូង។ ខណៈឥណ្ឌា នឹងមានជើងហោះហើរត្រង់មកកម្ពុជា នាខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
លោកបន្ថែមថា “បច្ចុប្បន្នអាកាសយានដ្ឋាននេះ ទទួលបានភ្ញៀវភាគច្រើនពីប្រទេសថៃ និងប្រទេសវៀតណាម”។បច្ចុប្បន្នជាមធ្យមក្នុងមួយថ្ងៃ អាកាសយានដ្ឋាននេះទទួលបានជើងហោះហើរចំនួន៥០ជើងទាំងទៅ និងមក ហើយទទួលបានភ្ញៀវខ្ទង់៥០០០នាក់។ ចំនួននេះបានធ្វើឲ្យជើងហោះហើរ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៥% បើធៀបនិងដំណាច់ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។
ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។
ជាមួយគ្នានេះផងដែរ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។
ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់កើន៤៧.០៥% និងទទួលបានចំណូលជាង ១៦,៥លានដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕