ដោយ: គង់ លាងហួរ
ហាណូយ: ប្រទេសកម្ពុជា គឺជាទីផ្សារទេសចរណ៍ដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុត របស់ប្រទេសវៀតណាម ដោយក្នុងនោះ ចំនួនភ្ញៀវទេសចរកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ក្នុងត្រីមាសទី១ បានកើនឡើង៣៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
កម្ពុជាត្រូវបានតាមពីក្រោយដោយប្រទេសឥណ្ឌា (៣០៤%) ឥណ្ឌូនេស៊ី (១៨៨%) តៃវ៉ាន់ (១៤៥%) ឡាវ (១២៥%) និងអេស្ប៉ាញ (១២៣%)។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរជាតិទេសចរណ៍វៀតណាម។
អ្នកជំនាញលើកឡើងថា តំបន់អាស៊ី បានក្លាយជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំ ហូរចូលមកកាន់ប្រទេសវៀតណាម ដោយសារការលើកលែងទិដ្ឋាការស្នាក់នៅ រយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងការបង្កើនការហោះហើរត្រង់ពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៏។មហាសេដ្ឋីឥណ្ឌាមួយចំនួន បានជួលរមណីយដ្ឋានប្រណីតនៅកោះ Phu Quoc ទីក្រុង Da Nang និងទីក្រុង Ha Long ដើម្បីរៀបចំពិធីមង្គលការ ដែលការណ៍នេះបានបង្កើនកេរ្តិ៍ឈ្មោះ របស់ប្រទេសវៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោក។
ជាមួយគ្នានេះ ប្រជាជនអូស្ត្រាលី ក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាន់តែច្រើនផងដែរ ដោយសារតម្លៃសំបុត្រយន្តហោះសមរម្យ និងការបើកជើងហោះហើរត្រង់ថ្មី មួយចំនួនពីប្រទេសរបស់ពួកគេទៅកាន់ទីក្រុងហាណូយ និងហូជីមិញ។
គិតចាប់តាំងពីខែសីហា ឆ្នាំមុន ពលរដ្ឋនៃបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដូចជាអេស្ប៉ាញ និងអាល្លឺម៉ង់ អាចស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៤៥ថ្ងៃ នៅប្រទេសវៀតណាម ជំនួសឱ្យការអនុញ្ញាតពីមុនត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។
លោក Martin Koerner ប្រធានក្រុមការងារទេសចរណ៍នៃវេទិកាធុរកិច្ចវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីការលើកលែងទិដ្ឋាការ វៀតណាមក៏គួរតែកែលម្អគុណភាព និងភាពសម្បូរបែបនៃសេវាកម្មទេសចរណ៍របស់ខ្លួន និងបើកការិយាល័យទេសចរណ៍នៅក្នុងទីផ្សារសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស៕