សម្តេចតេជោជាប់ឆ្នោតជាប្រធានព្រឹទ្ឋសភានិតិកាលទី៥

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ បន្ទាប់ពីទទួលជោគជ័យ ដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញ​ដោយក្តីលំបាក មិន​អាចគណនារយៈពេលជាង ៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេច​តេ​ជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ, សម្តេចតេជោហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមា​ជិកព្រឹទ្ធសភា៦២ លើ៦២សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែនក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥។

* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិតទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធ​សភា ដើម្បីដោះស្រាយភាពជាប់គាំង នយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន។

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាប នឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់ បានចាបច្រើនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ទៀតហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។

* ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។

* ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះ នៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។

* ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា អាយុ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី អាយុ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here